(ឡុងដ៏)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ ទៅកាន់ប្រទេសស៊ែរប៊ី ត្រូវបានលុបចោល បន្ទាប់ពីបណ្ដាប្រទេសនៅជុំវិញស៊ែរប៊ី បានបិទដែនអាកាសរបស់ខ្លួនមិនឱ្យយន្ដហោះរបស់ លោកហោះចូល ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

បើតាម Interfax ប្រទេសប៊ុលហ្ការី, ម៉ាសេដ្វានខាងជើង និងម៉ុងតេណេហ្រ្គោ បានសម្រេចបិទដែនអាកាសរបស់ពួកគេ ចំពោះយន្តហោះដែលគ្រោងនឹង ដឹកប្រមុខការទូតរុស្ស៉ី មកកាន់ទីក្រុងប៊ែលក្រាដ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែ ក្រសួងការបរទេសរុស្ស៉ី នៅមិនទាន់បញ្ជាក់ជុំវិញព័ត៌មាននេះទេ។

គួរបញ្ជាក់ថា ស៊ែរប៊ី ដែលជាប្រទេសមានទំនាក់ទំនងវប្បធម៌យ៉ាងជិតស្និទ្ធជាមួយរុស្ស៉ីជាយូមកហើយនោះ កំពុងព្យាយាមទប់ទល់នឹងសម្ពាធពី លោកខាងលិច ដោយការមិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែនទេ៕