(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ ៨០គីឡូម៉ែត្រ ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លលែស (Ben Wallace) បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធមីស៊ីលនេះ (M270) នឹងអាចជួយឱ្យមិត្តអ៊ុយក្រែនរបស់យើង ការពារខ្លួនប្រឆាំងនឹងកាំភ្លើងចម្ងាយឆ្ងាយរបស់រុស្ស៉ី ដែលទាហានរបស់លោក ពូទីន ប្រើប្រាស់វាយប្រហារ ដោយមិនរើសមុខលើទីក្រុងជាច្រើន»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស ទាហានអ៊ុយក្រែននឹងទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីល M270 នៅក្នុងចក្រភព អង់គ្លេស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន ក៏បានប្រកាសផ្ដល់មីស៊ីល HIMARS ឱ្យអ៊ុយក្រែនផងដែរ បន្ទាប់ពីទទួលបានការធានាពី ទីក្រុងកៀវថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីទេ ខណៈលោក ពូទីនបាននិយាយថាការបញ្ជូនអាវុធនេះមិនមាន អ្វីថ្មីនោះទេ តែព្រមានថានឹងចាត់វិធានការឆ្លើយតប បើអ៊ុយក្រែនទទួលបានមីស៊ីលចម្ងាយឆ្ងាយនេះ៕