(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) បានរិះគន់ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថាគេមិនគួរធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខ គឺមានតែធ្វើឱ្យបារាំងខ្លួនឯងអាម៉ាស់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងតំបន់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ម៉ាក្រុង បាននិយាយថាវាគឺជារឿងសំខាន់ដែលគេមិនគួរធ្វើឱ្យ រុស្ស៉ីអាម៉ាស់មុខនោះទេ ទោះជា លោក ពូទីនបង្កកំហុសធ្ងន់ជាប្រវត្តិសាស្រ្តក៏ដោយ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត នៅពេលការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែនបិទបញ្ចប់ ហើយលោកផ្ទាល់ជឿជាក់ថាបារាំងនឹងអាចដើរតួនាទីជាអ្នកសម្របសម្រួលបាន។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ម៉ាក្រុង លោក គូលេបា យល់ថាវាមានតែធ្វើឱ្យបារាំងអាម៉ាស់មុខប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ការអំពាវនាវឱ្យកុំធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខ គឺមានតែធ្វើឱ្យបារាំងអាម៉ាស់មុខ...ពីព្រោះថារុស្ស៉ី គឺជាអ្នកធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ ហើយអ្វីដែលពួកយើងត្រូវផ្ដោត នោះគឺធ្វើយ៉ាងណាឱ្យរុស្ស៉ីដឹងថាខ្លួនឯងកំពុងឈរនៅកន្លែងណា»

គួរបញ្ជាក់ថា បារាំង ក៏បានបញ្ជូនអាវុធក្នុងនោះរួមមានទាំង កាំភ្លើងធំ សេសា (CAESAR) ឱ្យអ៊ុយក្រែនផងដែរ ហើយលោក ម៉ាក្រុងថែមទាំងបានអះអាងថា លោកបានស្នើឱ្យក្រុមហ៊ុនផលិតអាវុធបារាំងបង្កើនការផលិតទៀតផង។ តែនៅលើឆាកនយោបាយអន្តរជាតិ លោក ម៉ាក្រុង មិនបានផ្ដល់ការគាំទ្រ ជានិមិត្តរូបចំពោះទីក្រុងកៀវ ដូចបណ្ដាមេដឹកនាំអឺរ៉ុបដទៃមួយចំនួនទេ៕