(តូក្យូ)៖ សារព័ត៌មានជប៉ុនក្យូដូ (Kyodo) បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ពីរដ្ឋាភិបាលជប៉ុនថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអង្គការ NATO នៅចុងខែមិថុនានេះ ដើម្បីជំរុញកិច្ចសម្របសម្រួល ជាមួយក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។

យោងតាមប្រភពដដែល សារព័ត៌មានជប៉ុន Kyodo បានបន្តថា លោក Kishida នឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅពេលក្រោយ ដោយគិតពីស្ថានភាពនយោបាយ មុនការបោះឆ្នោតសភាជាន់ខ្ពស់។ វត្តមានរបស់លោក Kishida នៅក្នុងកិច្ចប្រជុំកំពូល NATO នឹងត្រូវបានស្វាគមន៍ថាជា ការបញ្ជូនសារដ៏រឹងមាំមួយ នៃសាមគ្គីភាពអន្តរជាតិ ស្តីពីវិបត្តិអ៊ុយក្រែន។

ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយថា ក្រុមមន្ត្រីនឹងមិនអាចធ្វើអត្ថាធិប្បាយ លើរបាយការណ៍របស់ សារព័ត៌មានជប៉ុន Kyodo បានមុនថ្ងៃចន្ទសប្ដាហ៍ក្រោយនោះទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ (Madrid) នៃប្រទេសអេស្ប៉ាញ។ អង្គការ NATO បានអញ្ជើញប្រទេសជប៉ុនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមជាមួយនឹងអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង ដែលជាដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកផងដែរ៕