(ប៉េកាំង)៖ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ចិននឹងបាញ់បង្ហោះយានអវកាសមួយគ្រឿង ដែលផ្ទុកអវកាសយានិកចំនួន៣នាក់ ឆ្ពោះទៅកាន់កំណាត់បន្ទប់ស្នូល នៃស្ថានីយអវកាសរបស់ខ្លួន ដែលកំពុងបន្តស្ថិតក្នុងដំណើរការសាងសង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរផ្នែកអវកាសចិន បានឱ្យដឹងថា នៅម៉ោង១០៖៤៤នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងប៉េកាំង) គ្រាប់រ៉ុក្កែត ឡុងម៉ាច-ធូអេហ្វ (Long March-2F) នឹងនាំយកយានអវកាស សិនចូវ-១៤ (Shenzhou-14) ឡើងទៅទីអវកាស ដោយចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជីក្វាន់ (Jiuquan) ដែលស្ថិតនៅក្នុងខេត្ត កានស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។ សមាសភាពនៃក្រុមអវកាសយានិកចិនទាំង៣រូប គឺបុរស២នាក់ និងស្រ្តី១នាក់។

Shenzhou-14 នឹងជាបេសកកម្មបញ្ជូនអវកាសយានិកលើកទី៣ និងជាបេសកកម្មជើងទី៧ហើយ នៃបេសកកម្មសរុបទាំងចំនួន១១ ដែលចាំបាច់ក្នុងការសាងសង់ស្ថានីយអវកាសចិន ឈ្មោះថា ធានកុង (Tiangong) ឱ្យរួចរាល់ជាស្ថាពរ នៅមុនដំណាច់ឆ្នាំនេះ។ ចិនបានចាប់ផ្តើម ការសាងសង់ស្ថានីយអវកាសនេះ កាលពីខែមេសា ឆ្នាំ២០២១ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូលឈ្មោះ ធានហ៉ី (Tianhe) ឡើងទៅមុនគេ។

គួរបញ្ជាក់ថា បន្ទាប់ពីបេសកកម្ម Shenzhou-14 កំណាត់បន្ទប់២ចុងក្រោយ ដែលនឹងបម្រើជាមន្ទីរពិសោធន៍ ឈ្មោះថា វិនធាន (Wentian) និងម៉េងធាន (Mengtian) នឹងត្រូវបញ្ជូនឡើងទីអវកាស នៅខែកក្កដា និងខែតុលា ខាងមុខ។ ដោយឡែក ក្រុមអវកាសយានិកនៃ បេសកកម្ម Shenzhou-14 នឹងត្រូវស្នាក់នៅហើយធ្វើការ ក្នុងទីអវកាសសម្រាប់រយៈពេល៦ខែ៕