(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា តួកគីបានជូនដំណឹងមកកាន់ UN ថា ចាប់ពីពេលនេះទៅ ខ្លួនមានបំណង់ចង់ឱ្យអន្តរជាតិហៅប្រទេសតួកគី (Turkey) ថាជា តួកកៀ (Turkiye) វិញ នៅក្នុងគ្រប់ភាសាទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។

លោក ស្ទេហ្វាន ឌូចារីគ (Stephane Dujarric) អ្នកនាំពាក្យរបស់ប្រមុខដឹកនាំ UN បាននិយាយថា ទីស្នាក់ការកណ្តាលរបស់ UN នៅញូយ៉ក បានទទួលលិខិតផ្លូវការស្តីពីសំណើផ្លាស់ប្តូរឈ្មោះ ពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាមលោក Dujarric ការកែប្រែឈ្មោះរបស់តួកគី គឺមានសុពលភាពភ្លាមៗតែម្តង។

គួរបញ្ជាក់ថា កិច្ចខិតខំផ្លាស់ប្តូរឈ្មោះខាងលើ ត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់។ ពាក្យ Turkiye នេះ តាមពិតទៅ គឺមានសូរសព្ទដូចទៅនឹងឈ្មោះរបស់ប្រទេសតួកគី ដែលគេហៅជាភាសាតួកគីផ្ទាល់។ យ៉ាងណាក្តី ចំណុចគួរឱ្យកត់សម្គាល់មួយ នៅពីក្រោយការប្តូរឈ្មោះនេះ គឺវានឹងជួយបែងចែកឈ្មោះរបស់ប្រទេសតួកគី ឱ្យដាច់ដោយឡែកពី សត្វបក្សីមួយ ដែលមានឈ្មោះ ជាភាសាអង់គ្លេសដូចគ្នាថា Turkey៕