(បែរឡាំង)៖ ទីបំផុតអាល្លឺម៉ង់បានសម្រេចជ្រើសរើសថា នឹងទិញឧទ្ធម្ភាគចក្រសណ្តោងធុនធ្ងន់ ជីនូក (Chinook) ចំនួន៦០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ដើម្បីយកមកជំនួស ក្រុមឧទ្ធម្ភាគចក្របច្ចុប្បន្នគឺ CH-53 របស់ក្រុមហ៊ុន ស៉ីក័រស្គី (Skikorsky) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) ដោយសារពួកវា មានអាយុកាលកាន់តែចាស់ទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានថ្លែងថា «ជាមួយឧទ្ធម្ភាគចក្រម៉ូដែលនេះ ពួកយើងនឹងអាចពង្រឹងសមត្ថភាពរបស់យើង ឱ្យកាន់តែរឹងមាំថែមទៀត ក្នុងការធ្វើសហប្រតិបត្តិការនៅអឺរ៉ុប»។ បើតាមទិន្នន័យគ្រោងទុកកន្លងមក យោធាអាល្លឺម៉ង់ត្រូវគេរំពឹងថា នឹងទិញឧទ្ធម្ភាគចក្រសណ្តោងធុងធ្ងន់ចន្លោះ ៤៥-៦០គ្រឿង ដោយប្រើថវិកាខ្ទង់ ៤ពាន់លានអឺរ៉ូ (៤.៣០ពាន់លានដុល្លារអាមេរិក) ហើយពួកវានឹងត្រូវប្រគល់ឱ្យអាល្លឺម៉ង់ នៅចន្លោះឆ្នាំ២០២៣-២០២៩។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានសន្យាបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យខ្លាំង ហើយចំណាយ១០០ពាន់លានអឺរ៉ូ (១០៧ពាន់លានដុល្លារអាមេរិក) ទៅក្នុងយោធារបស់អាល្លឺម៉ង់៕