(អាប្យា)៖ នាយករដ្ឋមន្រ្តីសាម័រ លោកស្រី ហ្វីយ៉ាមេ ណាវមី ម៉ាតាអាហ្វា (Fiame Naomi Mata’afa) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា មេដឹកនាំក្រុមប្រទេសដីកោះប៉ាស៉ីហ្វិក បានយល់ស្របគ្នាថា ការបើកកិច្ចប្រជុំថ្នាក់តំបន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខដ៏ទូលំទូលាយមួយ ដែលស្នើឡើងដោយភាគីចិន គឺចាំបាច់បំផុត មុនពេលការសម្រេចចិត្តណាមួយ ត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

មុនពេលដំណើរទស្សនកិច្ចនៅប៉ាស៉ីហ្វិក ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន, ក្រុមមន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង បានផ្សព្វផ្សាយសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមួយ រវាងប្រទេសចិន និងប្រទេសដីកោះចំនួន ១០ ដែលគ្របដណ្ដប់លើវិស័យប៉ូលិស សន្តិសុខ ជលផល ទិន្នន័យ និងតំបន់ពាណិជ្ជកម្មសេរី។ ប៉ុន្តែការពិចារណាលើកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេល ក្នុងកំលុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយលោក Wang Yi នៅក្នុងប្រទេសដែនកោះហ្វីជី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោកស្រី Mata'afa បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) ដែលបានធ្វើទស្សនកិច្ចមកកាន់ប្រទេសដែនកោះសាម័រ នៅថ្ងៃព្រហស្បតិ៍នេះថា សាម័រមានការព្រួយបារម្ភថា ក្រុមប្រទេសដីកោះប៉ាស៊ីហ្វិក មិនអាចបើកកិច្ចប្រជុំថ្នាក់តំបន់ លើសំណើរបស់ភាគីចិន ក្នុងចំណោមពួកខ្លួន ជាមុនសិនបាន។ លោកស្រីនាយករដ្ឋមន្រ្តីសាម័រ បានបន្ថែមថា «បើតាមខ្ញុំយល់ឃើញ គឺតំបន់យើងបានឈានដល់ការឯកភាពថា ពួកយើងត្រូវជួបប្រជុំគ្នា ក្នុងនាមជាតំបន់មួយ ដើម្បីពិចារណាលើសំណើណាមួយ ដែលស្នើឡើងដោយដៃគូអភិវឌ្ឍន៍របស់យើង»

គួរបញ្ជាក់ថា សំណើកិច្ចព្រមព្រៀងទូលំទូលាយរបស់ចិន បានបង្កឱ្យមានក្តីបារម្ភពីសំណាក់ប្រទេសដីកោះប៉ាស៉ីហ្វិកមួយចំនួន ជុំវិញការពាក់ព័ន្ធទៅនឹងផ្នែកសន្តិសុខ ហើយមួយវិញទៀតនោះ គឺវានឹងចងភ្ជាប់សេដ្ឋកិច្ចពួគគេ ឱ្យកាន់តែជិតស្និទ្ធនឹងទីក្រុងប៉េកាំងថែមទៀត ដែលជាហេតុអាចធ្វើឱ្យមាន ការប្រេះស្រាំនូវចំណងទាក់ទង ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅប៉ាស៉ីហ្វិក ដូចជាអូស្រ្តាលីនិងនូវែលសេឡង់ ជាដើម៕