(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) និងអគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនទំនងជានឹងបញ្ចប់ទៅ តាមរយៈការចរចា ប៉ុន្តែអ៊ុយក្រែន ត្រូវតែអាចមានសមត្ថភាពក្នុងការការពារខ្លួន ដើម្បីពង្រឹងជំហររបស់ពួកគេ នៅក្នុងកិច្ចចរចាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុងវ៉ាស៊ីនតោនឌីស៉ី នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក Blinken និងលោក Stoltenberg បាននិយាយថា ស្ថានភាពនៅលើសមរភូមិ នឹងមានឥទ្ធិពលដល់ការចរចា នាពេលអនាគត។

លោកអគ្គលេខាធិការ NATO បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «សង្រ្គាម គឺមិនអាចទស្សន៍ទាយទុកជាមុនបាន។ យើងអាចទស្សន៍ទាយ ពីការឈ្លានពានបាន ប៉ុន្តែតើសង្រ្គាមនេះ នឹងវិវឌ្ឍទៅជាយ៉ាងណា វាពិបាកក្នុងការទស្សន៍ទាយណាស់។ អ្វី ដែលយើងដឹង គឺសង្គ្រាមស្ទើរតែទាំងអស់ ត្រូវបញ្ចប់នៅដំណាក់កាលខ្លះ នៅក្នុងតុចរចា»

លោក Stoltenberg បានបន្ថែមថា អង្គការ NATO កំពុងគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន ហើយជឿជាក់លើ ថ្នាក់ដឹកនាំនៅទីក្រុងកៀវ (Kyiv) ដើម្បីធ្វើការវិនិច្ឆ័យដោយខ្លួនឯង លើកិច្ចចរចាជាមួយទីក្រុងមូស្គូ។

លោក Blinken បានបន្ទរការកត់សម្គាល់របស់លោក Stoltenberg ថា «អ្វីដែលយើងកំពុងធ្វើ... គឺធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានក្នុងដៃ នូវអ្វីដែលពួកគេត្រូវការ ដើម្បីការពារប្រឆាំងនឹងការឈ្លានពាននេះ ហើយដើម្បីវាយបកវា និងរុញវាចេញទៅវិញ។ ជាលទ្ធផល គឺធ្វើឱ្យប្រាកដថា ពួកគេមានបង្អែករឹងមាំបំផុត តាមធ្វើទៅបាន នៅក្នុងតុចរចា ដែលអាចនឹងកើតមានឡើង»

លោក Blinken ក៏បានបន្ថែមផងដែរថា «យើងមិនអាចនិយាយឱ្យប្រាកដ ថានៅពេលណា ហើយក៏មិនអាចនិយាយថា ចប់តាមរបៀបណាឱ្យប្រាកដនោះដែរ។ អ្វីដែលយើងមិនអាចនិយាយបាន គឺអ្វីដែលយើងនឹងធ្វើ ដើម្បីធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានមធ្យោបាយក្នុងការការពារខ្លួន និងមានជំហររឹងមាំបំផុត តាមអាចធ្វើទៅបាន នៅគ្រប់ជំហានទាំងអស់»

គួរបញ្ជាក់ថា ជំនួបរវាងលោក Blinken និងលោក Stoltenberg កើតឡើង នៅពេលដែលហ្វាំងឡង់ និងស៊ុយអែត កំពុងព្យាយាមចូលជាសមាជិកអង្គការ NATO បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕