(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ពួកគេកំពុងរៀបចំផែនការធ្វើដំណើរសម្រាប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចុងខែមិថុនានេះ ដើម្បីជួបជាមួយសម្ព័ន្ធមិត្ត នៅឯតំបន់ឈូងសមុទ្រពែក្ស ហើយនាឱកាសនោះ លោកក៏អាចនឹងជួបព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ដែលជារជ្ជទាយាទរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចខាងលើ ដែលត្រូវគ្រោងទុកសម្រាប់ក្រោយលោក បៃដិន ចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាកិច្ចប្រជុំរបស់អង្គការណាតូ ក្នុងប្រទេសអេស្ប៉ាញ នឹងរួមមានទាំងការធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ដើម្បីជួបជាមួយលោក នាយករដ្ឋមន្រ្តី ណាហ្វតាលី បេនណេត (Naftali Bennett) ថែមទៀតផង។ ទោះយ៉ាងណា បើតាមប្រភពពីមន្រ្តីក្នុងនិងក្រៅសហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ គឺនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ជុំវិញផែនការនេះ។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការធ្វើដំណើររបស់ លោក បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធសប្តាហ៍នេះថា ពុំទាន់មានដំណើរទស្សនកិច្ចណាមួយ ត្រូវបញ្ជាក់ជាមុនទេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវគេមើលឃើញថា មានគោលដៅពង្រឹងទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីត ខណៈដែល លោក បៃដិន កំពុងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីបញ្ចុះតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក។ ដោយឡែក វានៅមិនប្រាកដទេថា តើអារ៉ាប៊ីសាអូឌីតនឹងយល់ព្រម បង្កើនផលិតកម្មប្រេងឬយ៉ាងណា ដោយកន្លងមក ទីក្រុងរីយ៉ាដធ្លាប់បានច្រានចោល សំណើរបស់ទីក្រុងវ៉ាស៉ីនតោន ដោយនៅតែអនុលោមតាម កិច្ចព្រមព្រៀងដែលអង្គការ OPEC សម្រេចបានជាមួយរុស្ស៊ី និងក្រុមប្រទេសផលិតប្រេងចំនួន ៩ផ្សេងទៀត៕