(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការសោកស្តាយ ដែលមិនទទួលបានទិន្នន័យអំពីការរាលដាល នៃជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែបានសន្មត់ថាវិបត្តិនៃជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ ផ្ទុយពីរបាយការណ៍របស់ទីក្រុងព្យុងយ៉ាង ដែលបានលើកឡើងអំពីភាពរីកចម្រើនជាវិជ្ជមាន ក្នុងការឆ្លើយតបចំពោះជំងឺរាតត្បាតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

កូរ៉េខាងជើង បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានដកចេញវិធានការបិទខ្ទប់ ដោយមើលឃើញថាស្ថានការណ៍ការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងប្រទេស គឺអាចគ្រប់គ្រប់បាន រីឯករណីឆ្លងមានការថយចុះ។ ជុំវិញរបាយការណ៍នេះ ប្រធានក្រុមឆ្លើយតបបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក មីកឆែល រ៉ាយអិន (Michael Ryan) បានលើកឡើងដូច្នេះថា «កូរ៉េខាងជើង បានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះសម្រាប់ករណីដែល បានកើតឡើងក្នុងប្រទេស ហើយយើងសន្មត់ថាស្ថានភាពកាន់តែអាក្រក់ទៅៗ និងមិនប្រសើរនោះទេ»

លោក រ៉ាយអិន បានបន្ថែមថា «ឥលូវយើងមិនអាចវាយតម្លៃជាក់លាក់អំពីហានិភ័យ នៃស្ថានភាពឆ្លងក្នុងប្រទេសកូរ៉េខាងជើងបានទេ, វាមានការលំបាកខ្លាំងណាស់ដើម្បីបញ្ជាក់ដល់ពិភពលោកនូវតួលេខត្រឹមត្រូវ ស្របពេលដែលយើងមិនមានលទ្ធភាពទទួលបានទិន្នន័យជាក់លាក់»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ករណីផ្ទុកមេរោគបានធ្លាក់ចុះក្នុងរយៈពេល ៧ថ្ងៃជាប់គ្នា ដោយមានករណី «គ្រុនក្តៅ» ថ្មីជាង ១០០,០០០នាក់ ក្នុងរយៈពេល២៤ម៉ោង ហើយតួលេខនេះគឺធ្លាក់ចុះពីចំនួន ៣៩០,០០០ នាក់ ប្រចាំថ្ងៃ កាលពីដើមខែឧសភា។ លោកស្រី ម៉ារៀ វ៉ាន ឃឺខូវ (Maria Van Kerkhove) ដែលជាអ្នកដឹកនាំរបស់ WHO លើបញ្ហាជំងឺកូវីដ ១៩ បាននិយាយថា កូរ៉េខាងជើងបានផ្តល់របាយការណ៍ពីករណីសង្ស័យពីមេរោគកូវីដ ១៩ ប្រហែល ៣.៧លាននាក់ ប៉ុន្តែរបាយការណ៍ដែល បានចេញផ្សាយ គឺថាជាករណីនៃជំងឺគ្រុនក្តៅប៉ុណ្ណោះ៕