(ប៉េកាំង)៖ «មិនថាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ចិនគឺជាមិត្តភក្តិល្អនិងបងប្អូនល្អ ដែលរួមសុខរួមទុក្ខនិងដៃគូល្អ ដែលរីកចម្រើនទៅមុខ ជាមួយគ្នារបស់ប្រទេសកោះប៉ាស៊ីហ្វិកជានិច្ច។» លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងចិន និងប្រទេសកោះប៉ាស៊ីហ្វិកលើកទីពីរ កាលពីថ្ងៃទី៣០ខែឧសភា ដោយកោតសរសើរថា កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក ទទួលបានសមិទ្ធផលដ៏ធំធេង បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងជាគំរូក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

ថ្ងៃដដែល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលបើកធ្វើនៅប្រទេសហ្វីជីលើកនេះ បានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាច្រើន ហើយក៏ជាសក្សីនៃកម្លាំងរស់ដ៏រឹងមាំ នៃទំនាក់ទំនងរវាងចិននិងប្រទេសពាក់ព័ន្ធផងដែរ។ ភាគីចិនបានប្រកាសថា រីករាយបង្កើតជា «វេទិកាថ្មីចំនួន៦» សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកោះប៉ាស៊ីហ្វិក។ ឯកសារអំពីគោលជំហររបស់ចិន ដែលគោរពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសកោះប៉ាស៊ីហ្វិក ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងពីទស្សនទានសហប្រតិបត្តិការមួយចំនួន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មី ក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក។

ក្នុងរយៈពេលយូរណាស់មកហើយ ប្រទេសប៉ែកខាងលិចដូចជាសហរដ្ឋអាមេរិកជាដើម បានខ្វះការគោរពជាមូលដ្ឋាន ចំពោះប្រទេសកោះប៉ាស៊ីហ្វិក។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកសឹងតែធ្លាប់ចាត់ទុក តំបន់ប៉ាស៊ីហ្វិកខាងត្បូងជា កន្លែងធ្វើបទពិសោធន៍នុយក្លេអ៊ែរ និងកន្លែងដាក់សំណល់នុយក្លេអ៊ែរ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ មតិសាធារណៈនៃបស្ចិមប្រទេសបានមួលបង្កាច់កិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកពាក់ព័ន្ធជាញឹកញាប់ ដើម្បីធ្វើឱ្យតំបន់នេះស្ថិតនៅក្រោមស្រមោលខ្មៅ នៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ។

តើប្រទេសចិនបាននាំមកនូវអ្វីដល់ ប្រទេសកោះប៉ាស៊ីហ្វិក? តាមស្ថិតិឱ្យដឹងថា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក បានកើនឡើងពី ១៥៣លានដុល្លារអាមេរិក ដល់ ៥ពាន់ ៣រយលានដុល្លារអាមេរិក ដែលកើនឡើងជាង៣០ដង ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ។ ភាគីចិនក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេសសេដ្ឋកិច្ច និងវេជ្ជសាស្ត្រដោយមិនអមលក្ខខណ្ឌនយោបាយណាមួយ ដល់ប្រទេសកោះប៉ាស៊ីហ្វិកក្នុងរយៈពេលយូរណាស់មកហើយផងដែរ។ ដូចប្រសាសន៍របស់លោក Henry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិក ដែលបានលើកឡើងថា ប្រទេសចិនជាដៃគូសន្ទនា និងអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសកោះប៉ាស៊ីហ្វិក ដែលបានរួមចំណែកមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍនៃប្រទេសកោះ ក្នុងរយៈពេលយូរមកហើយ លោករំពឹងទុកអាចបង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយភាគីចិននិងឆ្លៀតប្រើឱកាសអភិវឌ្ឍន៍របស់ចិន យ៉ាងពេញលេញ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកលើកនេះ ភាគីចិនបានប្រកាសថា នឹងបន្តបង្កើតជាវេទិកាសហប្រតិបត្តិការថ្មីចំនួន៦ ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ បង្ការគ្រោះមហន្តរាយនិងកសិកម្មជាដើម នេះគឺស៊ីចង្វាក់ខ្ពស់ជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកោះប៉ាស៊ីហ្វិក។

ខណៈពេលដែលប្រទេសអាមេរិកនិងអូស្ត្រាលីជាដើមទាញ «ក្រុមតូច» ដើម្បីបង្កការបដិបក្ខគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចិននិងប្រទេសកោះប៉ាស៊ីហ្វិកធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការគឺជាការគាំពារដ៏ខ្លាំងក្លា ចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក វាបានបង្ហាញថាប្រទេសធំនិងតូចអាចគោរពរាប់អានគ្នា ប្រកបដោយសមភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន