(ប៉េកាំង)៖ ក្នុងឱកាសខួប ៤០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលកុមារចិន លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ព្រមទាំងឆ្លៀតឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា លោកបានតាងនាម គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជូនពរថ្ងៃបុណ្យចំពោះកុមារនិងក្មេងជំទង់ទូទាំងប្រទេសចិន សូមឱ្យកុមារទាំងឡាយទទួលបាន ការវិវឌ្ឍរីកចម្រើនក្នុងការសិក្សា មានក្តីសប្បាយក្នុងការរស់នៅ និងធំធាត់ឡើងដោយសុខភាពរឹងមាំ។

ថ្លែងក្នុងសារលិខិតអបអរសាទរ លោក Xi Jinping បានលើកឡើងថា ៤០ឆ្នាំកន្លងមក មជ្ឈមណ្ឌលកុមារចិន បានអនុវត្តជាក់ស្តែងនូវបេសកកម្មអប់រំសីលធម៌ និងបណ្តុះបណ្តាលមនុស្សចំពោះកុមារទាំងឡាយ។ រំពឹងថាអ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយប្រពៃណីដ៏មានកិត្តិយសនេះ ជំរុញយ៉ាងពេញទំហឹងនូវការធំធាត់ឡើង ដោយសុខភាពរឹងមាំ និងការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់កុមារ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលកុមារចិនបានបង្កើតឡើងកាលពីឆ្នាំ ១៩៨២។ ក្នុងរយៈពេល ៤០កន្លងមក មានកុមារនិងក្មេងជំទង់សរុបរាប់រយលាននាក់ បានចូលរួមសកម្មភាពគ្រប់បែបយ៉ាង ដែលរៀបចំចាត់ចែងដោយមជ្ឈមណ្ឌលនេះ៕