(មូស្គូ)៖ រុស្ស៉ី បាននិយាយថាខ្លួនមិនបានច្រានចោលជំនួបរវាងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីនោះទេ ប៉ុន្តែគ្រាន់តែកិច្ចចរចាបានជាប់គាំងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ប៉េសកូវ ក៏បានបញ្ជាក់ដែរថា កិច្ចការក្នុងការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន បានជាប់គាំងជាយូរមកហើយ និងមិនទាន់ត្រូវបានចាប់ផ្ដើម ដំណើរការឡើងវិញនោះទេ។

គួរបញ្ជាក់ថា បើតាមលោក ប៉េសកូវ ប្រជាជននៅក្នុងតំបន់ ខឺសុន (Kherson), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) និងតំបន់ដុនបាស់ (Donbas) ដែលផ្នែកខ្លះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ត្រូវតែធ្វើការសម្រេចចិត្តពីជោគវាសនារបស់ពួកគេដោយខ្លួនឯង ហើយវិមានក្រឹមឡាំងជឿជាក់ថាពួកគេនឹងធ្វើការសម្រេចចិត្តដ៏ល្អប្រសើរមួយ។ ប៉ុន្តែ អ៊ុយក្រែនបានព្រមានថាការក្រសោបយក ឬបង្កើត ឧបសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះដោយរុស្ស៉ី នឹងបំផ្លាញដល់កិច្ចចរចាសន្តិភាពរវាងភាគីទាំង ២៕