(សេអ៊ូល)៖ នៅក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជូនសារដ៏ម៉ឺងម៉ាត់មួយទៅកាន់ ចិនថាទីក្រុងវ៉ាស៊ីនតោន នឹងប្រើកម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារណាមួយពីទីក្រុងប៉េកាំង។ ការអត្ថាធិប្បាយបែបនេះ របស់លោក បៃដិន ដែលហាក់ដូចជាចង់ទាញភ្ជាប់លទ្ធភាពនៃការវាយប្រហាររបស់ចិនលើតៃវ៉ាន់ ទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ត្រូវបានគេមើល ឃើញថាជាការដើរចេញឆ្ងាយពី «យុទ្ធសាស្ត្រមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក» ដែលធ្លាប់តែប្រកាន់ភ្ជាប់អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

នេះគឺជាលើកទី៣ហើយដែលលោក បៃដិន ធ្វើការអត្ថាធិប្បាយស្រដៀងគ្នានេះ ហើយវាក៏ជាលើកទី៣ដូចគ្នាដែរ ដែលសេតវិមានចេញមុខមកបញ្ជាក់ថាវា មិនមែនជាការផ្លាស់ប្ដូរគោលនយោបាយនោះទេ។ តែទោះជាបែបនេះក្ដី មានសំណួរដ៏សំខាន់២ ចៀសមិនរួចពីការចោទសួរ នោះគឺប្រសិនបើចិនសម្រេចចិត្ត វាយប្រហារលើតៃវ៉ាន់ពិតមែន តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមានលទ្ធភាពបញ្ឈប់ចិនដែរឬទេ? និងចុះហេតុអ្វីបានជាចិនមិនឆ្លៀតពេលអាមេរិក ជាប់ដៃជួយអ៊ុយក្រែន វាយយកតៃវ៉ាន់តៃម្ដងទៅ?

ក្រុមអ្នកវិភាគជាច្រើនយល់ស្របដូចគ្នាថា ចិនមានកងទ័ព មីស៊ីល និងនាវាចម្បាំងច្រើនជាងតៃវ៉ាន់ ឬអាចច្រើនជាងអាមេរិក និងជប៉ុន ដែលជាអ្នកគាំទ្រ ទីក្រុងតៃប៉ិទៀតផង។ បានន័យថាប្រសិនបើ ចិនប្ដេជ្ញាចិត្តថាត្រូវតែយកតៃវ៉ាន់ឱ្យបាន ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ នោះអាមេរិក និងសម្ព័ន្ធមិត្ត មិនអាចបញ្ឈប់ចិនបានឡើយ។ ប៉ុន្តែ សម្រាប់ចិន ចិនប្រហែលជាមិនភ្លេចពាក្យបណ្ដាំមួយឃ្លាបន្សល់ទុកដោយដូនតារបស់ខ្លួនគឺ អ្នកប្រាជ្ញាសង្រ្គាម ស៊ុន អ៊ូ នោះទេ។ ស៊ុន អ៊ូ បាននិយាយថា «មេទ័ពដែលចង់ធ្វើសង្រ្គាម ត្រូវតែគណនាពីការខាតបង់ជាមុនសិន»។ ពោលគឺសង្រ្គាមនៅតៃវ៉ាន់ ទោះជាចិនឈ្នះអាចក៏ ពិតមែន តែវាអាចជាជ័យជម្នះដ៏បង្ហូរឈាម ទាំងសម្រាប់ចិន និងសត្រូវរបស់ចិន។

បើតាមក្រុមអ្នកវិភាគ សង្រ្គាមនៅលើកោះតៃវ៉ាន់ នឹងមានគ្រោះថ្នាក់ និងមានភាពស្មុគស្មាញជាងសង្រ្គាម D-Day ឬយុទ្ធនាការន័រម៉ង់ឌី (Normandy) នៅក្នុង ប្រទេសបារាំង អំឡុងសង្រ្គាមលោកលើកទី២ទៅទៀត។ ឯកសារជាច្រើនរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថានៅក្នុងសង្រ្គាមន័រម៉ង់ឌីរយៈពេលជាង ៣ខែ មានកងទ័ពកន្លះលាននាក់បានស្លាប់ រីឯជនស៊ីវិលក៏ទទួលរងគ្រោះធ្ងន់ធ្ងរផងដែរ។ ប្រជាជន ២៤លាននាក់របស់តៃវ៉ាន់ បានប្រមូលផ្ដុំគ្នារស់នៅតាមទីក្រុង ដូចជារដ្ឋធានី តៃប៉ិជាដើម ជាមួយដង់ស៊ីតេប្រជាជន ៩,៥៧៥នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា ធៀបទៅនឹងទីក្រុងម៉ារីយូប៉ូលរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងសង្រ្គាម មានដង់ស៊ីតេប្រជាជន ២,៦៩០នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។

ដូច្នេះ ទោះជាមានអំណាច និងមានអត្ថប្រយោជន៍ច្រើនទាំងខាងកងទ័ពជើងទឹក ជើងអាកាស និងជើងគោក នៅក្នុងតំបន់ក៏ដោយ តែចិនត្រូវបានគេមើល ឃើញថានឹងពិចារណាជាមុនសិនថាតើការវាយប្រហាររបស់ខ្លួនលើតៃវ៉ាន់ ខាតបង់ខ្លាំងប៉ុនណា មានមនុស្សស្លាប់ច្រើនប៉ុនណា? ឬអាចនិយាយបានថា ក្នុងពេលអនាគតដ៏ខ្លី ឬមធ្យម ចិននឹងមិនធ្វើការប្រថុយប្រើកម្លាំងយោធាលើតៃវ៉ាន់នោះទេ បើតៃវ៉ាន់មិនប្រកាសឯករាជ្យ ហើយអាមេរិកមិនបង្ករឿង។

* តើចិនមានឱកាសវាយយកតៃវ៉ាន់ ឬទេ?
ដើម្បីវាយយកតៃវ៉ាន់ អ្វីដែលចិនត្រូវការគឺ «ឱកាសល្អ» មកដល់។ ប៉ុន្តែ ចិនខ្លួនឯងក៏ប្រហែលជាមិនដឹងដូចគ្នាដែរថាតើឱកាសល្អនោះនឹងមកដល់នៅពេល ណា? មានមជ្ឈដ្ឋានខ្លះយល់ថាទាន់ពេលសហរដ្ឋអាមេរិក កំពុងជាប់ដៃជួយអ៊ុយក្រែន នេះហើយគឺជាឱកាសល្អរបស់ចិន។ ប៉ុន្តែ អ្នកវិភាគដូចជា លោកស្រី ប៊ននី ក្លាស័រ (Bonnie Glaser) ជានាយកកម្មវិធីអាស៊ី មកពីមូលនិធិ German Marshall Fund of the United States យល់ថាក្នុងរយៈពេលខ្លី ឬមធ្យម ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ ទំនងជានឹងមិនកើតឡើងទេ ហើយបញ្ហាធំគឺ «ទំនុកចិត្ត»។ លោកស្រីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាកងទ័ព រំដោះប្រជាជនចិន PLA មិនទាន់មានទំនុកចិត្តពេញលេញថាខ្លួនអាចវាយកាន់កាប់តៃវ៉ាន់បាននៅឡើយទេ ហើយ PLA ខ្លួនឯងក៏កំពុងដោះស្រាយចន្លោះ ប្រហោងនៃសមត្ថភាពរបស់ខ្លួនដែរ»។

លោកស្រី Bonnie Glaser បន្ថែមថាសង្រ្គាមអ៊ុយក្រែនមិនមែនជាឱកាសរបស់ចិន តែផ្ទុយទៅវិញ វាបានបង្ហាញចិនពីចន្លោះប្រហោង និងបញ្ហាប្រឈមធំៗ រួមទាំងមេរៀនដែលត្រូវរៀន។ ពីព្រោះថាតៃវ៉ាន់ជាដែនកោះ រីឯអ៊ុយក្រែនជាដីគោក។ បើតាមអ្នកជំនាញយោធា តួយ៉ាងដូចជា លោក ហាវវឺត អ៊ុលមែន (Howard Ullman) ជាអតីតមន្ត្រីកងទ័ពជើងទឹកអាមេរិក និងជាសាស្ត្រចារ្យម្នាក់មកពីសាលាសង្រ្គាមកងទ័ពជើងទឹកអាមេរិក (US Naval War College) ចិននៅខ្វះនៅឡើយនូវសមត្ថភាពបញ្ជូនទាហានចូលកោះតៃវ៉ាន់ នោះគឺយានអាចដឹកទាហានឆ្លងសមុទ្រតែម្ដង។ លោក អ៊ុលមែន បានសង្កត់ធ្ងន់ថាជាទូទៅ នៅក្នុងសង្រ្គាមសាមញ្ញធម្មតាមិនប្រើនុយក្លេអ៊ែរ កងទ័ពនៃប្រទេសដែលទៅឈ្លានពាន ឬវាយប្រហារលើប្រទេសដទៃ ត្រូវការកងទ័ពច្រើនជាងកងទ័ពសត្រូវ របស់ខ្លួនយ៉ាងតិច៣ដង។

ជាឧទាហរណ៍ បើសព្វថ្ងៃ តៃវ៉ាន់មានកងទ័ព ៤៥០,០០០នាក់ នោះចិនត្រូវការកងទ័ពយ៉ាងហោចណាស់ ១.២លាននាក់ (នៅក្នុងចំណោមកងទ័ពចិនសរុប ជាង ២លាននាក់)។ បញ្ហាធំគឺនៅត្រង់នេះឯង ដោយចិនត្រូវការនាវា ឬយានដឹកទាហានរាប់ពាន់គ្រឿងឯណោះ។ ដូច្នេះលោក អ៊ុលមែន បានវាយតម្លៃថា ការដឹកជញ្ជូនកងទ័ពឆ្លងសមុទ្រនេះនឹងត្រូវចំណាយពេលជាច្រើនសប្ដាហ៍ បើទោះជាចិនមានកងទ័ពជើងទឹកក៏ពិតមែន តែមិនទាន់មានសមត្ថភាពពេញលេញ ក្នុងការបញ្ជូនកងទ័ពក្នុងលក្ខណៈទ្រង់ទ្រាយធំ ឆ្លងចូលទៅវាយតៃវ៉ាន់នោះទេ។ ម្យ៉ាងវិញទៀត ការធ្វើសង្រ្គាមតាមជើងទឹក ក៏ប្រហែលជាបង្កការខាតបង់ ធ្ងន់ធ្ងរផងដែរ ដ្បិតតៃវ៉ាន់មានមីស៊ីលប្រឆាំងនាវាចម្បាំង ដែលមានតម្លៃថោកដូចជាគ្នាទៅនឹងមីស៊ីលណិបទូន ដែលអ៊ុយក្រែនប្រើដើម្បីបាញ់ពន្លិចនាវាចម្បាំង រុស្ស៉ី មូស្កាវ៉ា (Moskva) នៅឯសមុទ្រខ្មៅកាលពីខែមេសាកន្លងទៅនេះ។ និយាយជារួម មីស៊ីលតៃវ៉ាន់មានតម្លៃថោក រីឯនាវាចម្បាំងចិនមានតម្លៃថ្លៃ។

* តើចិនមានជម្រើសផ្សេងទេ?
ជាការពិតណាស់ កងទ័ពរំដោះប្រជាជនចិននៅមានជម្រើសផ្សេងទៀត ក្រៅតែពីការវាយប្រហារទ្រង់ទ្រាយធំលើតៃវ៉ាន់ នោះគឺឡោមព័ទ្ធ ឬធ្វើចត្តាឡីស័ក តៃវ៉ាន់ ដូចដែលអ្នកជំនាញ លោក ហ្វីលីព ហ្សេលីកូវ (Philip Zelikow) និងលោក រ៉ូប៊ឺត ប្លេកវៀល (Robert Blackwill) បានសរសេរនៅក្នុងរបាយការណ៍ មួយរបស់វិទ្យាស្ថានក្រុមប្រឹក្សាស្ដីពីទំនាក់ទំនងការបរទេស (Council on Foreign Relations) កាលពីឆ្នាំ២០២១កន្លងទៅ។

បើតាមអ្នកជំនាញទាំង២រូប នៅក្នុងយុទ្ធសាស្ត្រធ្វើចត្តាឡីស័កនេះ កងទ័ពរំដោះប្រជាជនចិនអាចនឹងវាយកាន់កាប់កោះតៃពីង (Taiping) ដែលជាច្រកផ្លូវ ដ៏សំខាន់តៃវ៉ាន់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង, កោះប្រាតាស់ (Pratas) ស្ថិងនៅចម្ងាយ ៣២០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងហុងកុង, កោះគីនមិន (Kinmen) និងកោះម៉ាតស៊ុ (Matsu) ដែលស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីចិន ឬក៏កោះពេងហ៊ូ (Penghu) នៅក្នុងតំបន់ច្រកសមុទ្រ តៃវ៉ាន់។

តាមរយៈការកាន់កាប់កោះខាងលើ រដ្ឋាភិបាលចិនអាចនឹងគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពលើដែនអាកាស និងតំបន់ព្រំដែនសមុទ្ររបស់តៃវ៉ាន់ ហើយ ទីក្រុងប៉េកាំង នឹងធ្វើប្រតិបត្តិការល្បាតតាមដានយន្ដហោះចម្បាំង និងនាវាចម្បាំងទំាងឡាយ ដើម្បីរារាំងការបញ្ជូនជំនួយយោធារបស់អាមេរិកមកឱ្យតៃវ៉ាន់ ឬរឹបអូសជំនួយណាមួយក្រោមហេតុផលបំពានដែនអធិបតេយ្យចិន។ សេណារីយ៉ូធ្វើចត្តាឡីស័កនេះត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងជម្រើសចម្បង មួយរបស់ចិន។ ដូច្នេះ ការសម្រេចចិត្តចុងក្រោយ នឹងអាស្រ័យទៅលើសហរដ្ឋអាមេរិកថាត្រូវប្រើកម្លាំងយោធា បំបែកការធ្វើចត្តាឡីស័កនេះសំដៅជួយតៃវ៉ាន់ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ចិន ចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ និងបានព្រមានជារឿយៗថានឹងប្រើកម្លាំងយោធាភ្លាមៗ បើតៃវ៉ាន់ប្រកាសឯករាជ្យ ឬក៏មានជនទី៣ណាមួយព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន។ ប៉ុន្តែ នៅពីក្រោយជម្រើសយោធា ចិនក៏មានអំណាចការទូតដ៏មានប្រសិទ្ធភាពផងដែរដែលធ្វើឱ្យ ពិភពលោករួមទាំងសហរដ្ឋអាមេរិក មិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ហើយទទួលស្គាល់ចិនតែមួយគត់ដែលជារដ្ឋាភិបាលស្របច្បាប់៕

ប្រភព៖ CNN (ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២)