(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយនៅថ្ងៃពុធនេះថា ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធមីស៉ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវ ដល់អ៊ុយក្រែន គឺជាបង្ហាញពីភាពអវិជ្ជមានខ្លាំង ហើយបង្កហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៉ី RIA ដែល Reuters បានដកស្រង់យ៉ាងដូច្នេះថា «ទីក្រុងមូស្គូចាត់ទុក ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ថាពិតជាមានភាពអវិជ្ជមានខ្លាំង»។ ការបញ្ជាក់របស់ លោក រីយ៉ាបកូវ គឺសំដៅទៅលើផែនការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ នូវប្រព័ន្ធមីស៉ីលផ្លោងរយៈចម្ងាយឆ្ងាយ HIMARS ដែលទីក្រុងវ៉ាស៊ីនតោន អះអាងថា ជាកញ្ចប់ជំនួយថ្មីចុងក្រោយបង្អស់របស់ខ្លួន សម្រាប់អ៊ុយក្រែន ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់លោក បៃដិន ការយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីលទំនើបខាងលើ គឺស្ថិតនៅក្រោម កញ្ចប់ជំនួយយោធាមានទំហំទឹកប្រាក់ ៧០០លានដុល្លាររបស់រដ្ឋាភិបាល ដើម្បីជួយទីក្រុងកៀវបង្ខំឱ្យរុស្ស៉ី ត្រឡប់មករកតុចរចាវិញ៕