(ប៊ែន)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វីស SRF នៅថ្ងៃពុធនេះបានរាយការណ៍ថា រដ្ឋាភិបាលស្វីសបានវេតូប្រឆាំងនឹង សំណើរបស់ដាណឺម៉ាក ក្នុងការបញ្ជូនរថពាសដែកសម្រាប់ផ្ទុកកងទ័ព ដែលផលិតដោយស្វីស ទៅកាន់ប្រទេសអ៊ុយក្រែន ក្រោមហេតុផលថា ខ្លួនប្រកាន់គោលនយោបាយអព្យាក្រឹត ដោយមិនផ្គត់ផ្គង់អាវុធដល់តំបន់មានជម្លោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយស្វីស SRF រដ្ឋាភិបាលស្វីស បានបដិសេធចំពោះសំណើរបស់ដាណឹម៉ាក ដែលព្យាយាមចង់ផ្តល់នូវ រថពាសដែកធុន ភីរ៉ាន់ហា-ស្រ៉ី (Piranha) ប្រមាណជា២០គ្រឿង ឱ្យទៅអ៊ុយក្រែន។ ស្វីសមានគោលការណ៍តម្រូវឱ្យប្រទេសដទៃ ដែលទិញសព្វាវុធពីខ្លួនយកទៅប្រើ ត្រូវតែស្នើសុំការអនុញ្ញាតជាមុនសិន ដើម្បីអាចនាំចេញពួកវាបន្តបាន។

កាលពីខែមេសា ស្វីសបានវេតូចំពោះសំណើនាំចេញបន្តនូវ គ្រាប់រំសេវផលិតដោយស្វីស ដែលត្រូវប្រើប្រាស់នៅក្នុង រថក្រោះប្រឆាំងរថយន្តហោះចម្បាំង ដែលអាល្លឺម៉ង់គ្រោងបញ្ជូនឱ្យអ៊ុយក្រែន។ ក្រៅពីនេះ ស្វីសក៏បានបដិសេធសំណើឱ្យផ្គត់ផ្គង់ សព្វាវុធពីសំណាក់ប៉ូឡូញ ដែលសំដៅចង់ជួយអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា ស្វីសបានដកឃ្លាពីទម្លាប់កន្លងមក ដោយចូលរួមអនុម័តទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលរៀបចំឡើង ដើម្បីដាក់ពិន័យចំពោះរុស្ស៉ី សម្រាប់ការឈ្លានពានលើអ៊ុយក្រែន៕