(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយថា ប្រធានកិច្ចចរចាពាណិជ្ជកម្មតៃវ៉ាន់ លោក ចន តេង (John Deng) នឹងជួបពិភាក្សាបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក ស្តីពីពាណិជ្ជកម្មទ្វេភាគីនៅថ្ងៃពុធនេះ បន្ទាប់ពីតៃវ៉ាន់ មិនត្រូវបានរាប់បញ្ចូល ក្នុងផែនការសេដ្ឋកិច្ចដ៏សំខាន់ថ្មីមួយ របស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

លោក Deng បានខិតខំជំរុញយ៉ាងខ្លាំងឱ្យកោះតៃវ៉ាន់ ត្រូវបានរាប់បញ្ចូល នៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិក ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជា «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងយោធា» ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។

ទោះជាយ៉ាងណាក៏ដោយ កោះតៃវ៉ាន់មិនត្រូវបានរាប់បញ្ចូលនោះទេ នៅពេលដែលសហរដ្ឋអាមេរិក បានប្រកាសព័ត៌មានលម្អិតស្តីពី ការបង្កើតក្របខណ្ឌ IPEF កាលពីសប្តាហ៍មុន ដោយទីក្រុងតៃប៉ិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ។

អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីកោះតៃវ៉ាន់ លោក ឡូ ពីងចេង (Lo Ping-cheng) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក Deng នឹងធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកស្រី សារ៉ា បៀនជី (Sarah Bianchi) ដែលជាអនុអ្នកតំណាងពាណិជ្ជកម្មអាមេរិក ទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម រវាងកោះតៃវ៉ាន់-សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយទីក្រុងតៃប៉ិ បានខ្នះខ្នែងជាខ្លាំង ក្នុងការបង្ហាញពីសារៈសំខាន់ ដែលខ្លួនចងភ្ជាប់ទៅនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ៕