(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថា ជារៀងរាល់ថ្ងៃ មានកងកម្លាំងអ៊ុយក្រែន ប្រហែល ៦០ ទៅ១០០នាក់ បានបាត់បង់ជីវិត និងប្រហែល ៥០០នាក់ បានរងរបួស ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក Newsmax លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា «ស្ថានភាពដ៏លំបាកបំផុត នាពេលនេះ គឺនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដោយមានទាហានបាត់បង់ជីវិត៦០-១០០នាក់ និងរងរបួសខ្ទង់ ៥០០នាក់ រាល់ថ្ងៃ»។ លោក ហ្សេលេនស្គី បានអះអាងថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងការពារទឹកដីរបស់យើង នៅភាគខាងកើត ក៏ដូចជាទប់ទល់នឹងការវាយលុក នៅឯតំបន់ ខាកូវ (Kharkov)»

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ មន្រ្តីអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានកាន់កាប់ទឹកដីភាគច្រើន នៅទីក្រុងឧស្សាហកម្មក្នុងតំបន់ភាគខាងកើត គឺទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ខណៈហេដ្ឋារចនារសម្ព័ន្ធ រងការបំផ្លាញខ្ទិចខ្ទីដោយការទម្លាក់គ្រាប់បែក។ បើទោះបីជាទីក្រុងនេះមិនស្ថិតក្រោមការឡោមព័ទ្ធ ប៉ុន្តែស្ថានការណ៍ពេលនេះ គឺមិនអាចទាយទុកមុនបានឡើយ ស្របពេលដែលការបាញ់ផ្លោងរបស់រុស្ស៉ី មិនអាចឲ្យមានការនាំយកជំនួយ ចូលមកក្នុងទីក្រុងបាន ឬមួយក៏ការជម្លៀសមនុស្សចេញ៕