(កៀវ)៖ អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន លោកស្រី អ៉ីរីណា វេនេឌីគតូវ៉ា (Iryna Venediktova) បាននិយាយថា ឧក្រិដ្ឋកម្មសង្រ្គាមជាប់សង្ស័យប្រហែល ១៥,០០០ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី Venediktova បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ថា ជនសង្ស័យប្រហែល ៦០០នាក់ត្រូវបានគេ កំណត់អត្តសញ្ញាណ ហើយការកាត់ទោសលើជនសង្ស័យចំនួន ៨០នាក់ក៏ត្រូវបានចាប់ផ្តើមផងដែរ។ បញ្ជីឈ្មោះជនសង្ស័យទាំងនោះរួមមាន «ក្រុមមន្រ្តីយោធារុស្ស៉ី កំពូលៗ ក្រុមអ្នកនយោបាយរុស្ស៉ី និងក្រុមភ្នាក់ងារឃោសនារុស្ស៊ីជាដើម»។ ក្នុងចំណោមឧក្រិដ្ឋកម្មសង្រ្គាមជាប់សង្ស័យទាំង ១៥,០០០ករណី មានជនសង្ស័យរាប់ ពាន់នាក់ត្រូវបានកំណត់អត្តសញ្ញាណ ដោយភាគច្រើននៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហានរុស្ស៉ី និង អ៊ុយក្រែន។

លោកស្រី Venediktova បានបន្ថែមថា ឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅក្នុងតំបន់ រួមមានការផ្ទេរមនុស្សដោយបង្ខំដែលអាចកើតមាន រួមទាំងករណី មនុស្សពេញវ័យ និងកុមារទៅកាន់ផ្នែកផ្សេងៗនៃប្រទេសរុស្ស៉ី។ ការធ្វើទារុណកម្ម ការសម្លាប់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។

លោកស្រី Venediktova បានសង្កត់ធ្ងន់ថា ទោះបីជាការស៊ើបអង្កេតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ភាគខាងកើត បានចាប់ផ្តើមក៏ដោយ ក៏អាជ្ញាធរអ៊ុយក្រែន មិនមានសិទ្ធិចូលទៅកាន់តំបន់ដែលកាន់កាប់ដោយរុស្ស៉ីនោះដែរ ហើយការស៊ើបអង្កេត គឺមានការលំបាកខ្លាំងនៅពេលដែល ការប្រយុទ្ធគ្នាកំពុងកើតឡើង ក្នុងពេល តែមួយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនកំពុងសម្ភាស៍ជនជម្លៀសខ្លួន និងអ្នកទោសសង្គ្រាម ជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានពណ៌នាអ៊ុយក្រែនថាជា «កន្លែងឧក្រិដ្ឋកម្ម» ហើយបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតដ៏ធំបំផុត របស់ខ្លួនទៅកាន់ អ៊ុយក្រែន ដើម្បីជួយក្នុងការស៊ើបអង្កេត ជាមួយក្ដីសង្ឃឹមថា នឹងបើកការិយាល័យនៅរដ្ឋធានីកៀវ (Kyiv) នៃប្រទេសអ៊ុយក្រែនផងដែរ។

ទាហានរុស្ស៉ីចំនួន ២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១១ឆ្នាំកន្លះ ក្នុងប្រទេស អ៊ុយក្រែន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពីបទបាញ់ផ្លោងលើ ជនស៊ីវិល ខណៈទាហានរុស្ស៉ីដំបូងគេដែលត្រូវបានកាត់ទោសក្នុងប្រទេសអ៊ុយក្រែន ឈ្មោះលោក វ៉ាឌីម ស៊ីសហ៊ីមម៉ារីន (Vadim Shishimarin) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់ជនស៊ីវិល កាលពីសប្តាហ៍មុន៕