(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងថា រុស្ស៉ីបានកាន់កាប់ភាគច្រើនលើទីក្រុងឧស្សាហកម្មក្នុងតំបន់ភាគខាងកើត គឺទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) ខណៈហេដ្ឋារចនារសម្ព័ន្ធរងការបំផ្លាញខ្ទិចខ្ទីដោយការទម្លាក់គ្រាប់បែក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

បើតាមក្រុមអ្នកវិភាគយោធាលោកខាងលិច, ទីក្រុងមូស្គូ បានដកកម្លាំងរបស់ខ្លួនមួយផ្នែកចេញពីតំបន់ភាគខាងកើត ហើយឆ្ពោះទៅកាន់ទីក្រុង Sievierodonetsk។ រីឯ អភិបាលតំបន់លូហាន លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ទើរតែទាំងស្រុង នៅក្នុងទីក្រុង Sievierodonetsk ត្រូវបានបំផ្លាញ ហើយ ៦០ភាគរយនៃលំនៅដ្ឋានរងការខូចខាតធ្ងន់ធ្ងរ។

លោក ហ្គៃដៃ បានបន្ថែមថា «ទីតាំងភាគច្រើននៃទីក្រុង Sievierodonetsk ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ លោកបានបញ្ជាក់ថាទីក្រុងនេះមិនស្ថិតក្រោម ការឡោមព័ទ្ធនោះទេ ប៉ុន្តែស្ថានការណ៍ពេលនេះ គឺមិនអាចទាយទុកមុនបានឡើយ ស្របពេលដែលការបាញ់ផ្លោងរបស់រុស្ស៉ី មិនអាចឲ្យមានការនាំយកជំនួយ ចូលមកក្នុងទីក្រុងបាន ឬការជម្លៀសមនុស្សចេញ។

គួរបញ្ជាក់ថា ការវាយលុករបស់រុស្ស៉ី នៅឯតំបន់លូហាន ត្រូវបានឆ្លើយតបដោយការតស៊ូយ៉ាងខ្លាំងក្លាពីសំណាក់ទាហានអ៊ុយក្រែន ហើយក្រុមបំបែកខ្លួនគាំទ្រដោយ រុស្ស៉ី បានទទួលស្គាល់ថា ការដណ្តើមយកទីក្រុងនេះ គឺចំណាយពេលយូជាងការរំពឹងទុក។ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ និងត្រូវបានបណ្តេញ ចេញពីភាគខាងជើងអ៊ុយក្រែនកន្លងទៅ, ជ័យម្នះរបស់រុស្ស៊ីលើទីក្រុង Sievierodonetsk និងតំបន់ឆ្លងកាត់ទន្លេ ស៊ីវើសស្គី ដូណេត (Siverskyi Donets) ក្នុងទីក្រុង លីស៊ីឆាន់ស៍ (Lysychansk) នឹងនាំមកនូវការគ្រប់គ្រងពេញលេញនៃតំបន់លូហាន ដែលជាខេត្តមួយក្នុងចំណោម ខេត្តភាគខាងកើតចំនួនពីរ ដែលទីក្រុងម៉ូស្គូ បានចង់បាន៕