(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា កូរ៉េខាងជើងបានរីកចម្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ខណៈការដាំដំណាំស្រូវកំពុងដំណើរការនៅទូទាំងប្រទេស បើទោះបីជាប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូងបំផុត ដែលមិនធ្លាប់មានពីមុនមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

ការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូងបំផុតដែលមិនធ្លាប់មានពីមុនមក បានជំរុញឱ្យកូរ៉េខាងជើង សម្រេចបិទខ្ទប់ក្រុង និងស្រុកទាំងអស់ទូទាំងប្រទេស យ៉ាងតឹងរ៉ឹងកាលពីខែមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺនេះ។ វាក៏បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើវិបត្តិស្បៀងអាហារ ដែលអាចកើតមានឡើងចំពេលមាន «ការប្រយុទ្ធទាំងស្រុង» ប្រឆាំងនឹងគ្រោះរាំងស្ងួត នៅក្នុងប្រទេសដែលខ្វះខាតវ៉ាក់សាំង និងធនធានវេជ្ជសាស្រ្ត និងដោយសារទណ្ឌកម្មអន្តរជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

KCNA បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត បានរីកចម្រើនបន្ទាប់ពីស្ថាប័នរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន និងសូម្បីតែក្រុមសិល្បៈ បានប្រមូលផ្តុំជួយក្នុងការ «បង្កើតសមត្ថភាព និងមធ្យោបាយទាំងអស់» ដើម្បីកែលម្អប្រព័ន្ធធារាសាស្រ្ត និងជួយក្នុងការដាំដុះដំណាំស្រូវ។ បើតាម KCNA «ដីស្រែទាំងអស់សុទ្ធអាចទទួលរងនូវគ្រោះរាំងស្ងួត ប៉ុន្តែកសិករត្រូវបានជូនដំណឹងអំពីវិធីស្រោចទឹកដ៏ត្រឹមត្រូវ យោងទៅតាមសំណើមដី និងលក្ខខណ្ឌពន្លឺ ដើម្បីការពារការបំផ្លាញដំណាំ»។

អាជ្ញាធរកសិកម្មបានបង្កើតនូវ «យុទ្ធសាស្ត្រធ្វើកសិកម្មយ៉ាងហ្មត់ចត់» រួមទាំងការបង្កើនប្រសិទ្ធភាព ម៉ាស៊ីនដាំស្រូវ និងធានាបាននូវជីដែលមានគុណភាព ខ្ពស់ផងដែរ។

គួរបញ្ជាក់ថា គ្រោះរាំងស្ងួត និងទឹកជំនន់បានបង្កការគំរាមកំហែងតាមរដូវកាលជាញឹកញាប់ដល់ប្រទេសកូរ៉េខាងជើង ហើយគ្រោះមហន្តរាយធម្មជាតិធំៗ អាចប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសដ៏ឯកោមួយនេះ។ មេដឹកនាំកូរ៉េខាជើង លោក គីម ជុងអ៊ុន បានព្រមានអំពីស្ថានភាពកង្វះស្បៀងអាហារដ៏តានតឹង ដោយសារជំងឺឆ្លងរាតត្បាត COVID-19 និងព្យុះទីហ្វុងកាលពីឆ្នាំមុន៕