(កៀវ)៖ តុលាការនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសផ្តន្ទាទោសកងទ័ពរុស្ស៉ីចំនួន២នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំកន្លះ សម្រាប់ការបាញ់ផ្លោងមីស៉ីលដាក់លើក្រុងមួយកន្លែង នៅភាគខាងកើតអ៊ុយក្រែន ខណៈវាគឺជាសាលក្រមទីពីរហើយ ស្តីពីសំណុំរឿងបទឧក្រិដ្ឋសង្រ្គាម គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

ទាហានរុស្ស៉ីទាំង២រូប ដែលមានឈ្មោះ អាឡិចសាន់ដឺ បូប៊ីគីន (Alexander Bobikin) និង អាឡិចសាន់ដឺ អ៉ីវ៉ាន់នូវ (Alexander Ivanov) បានឆ្លើយសារភាពទោសកំហុសរបស់ខ្លួន កាលពីសប្តាហ៍មុន។ អ្នកទាំងពីរបានទទួលស្គាល់ថា ពួកគេស្ថិតនៅក្នុងកងកម្លាំងរុស្ស៉ីមួយក្រុម ដែលបានធ្វើសកម្មភាពវាយប្រហារលើតំបន់ ខាកៀវ (Kharkiv) របស់អ៊ុយក្រែន ដោយប្រើប្រព័ន្ធមីស៉ីល ហ្ក្រាដ (Grad)។

ក្រុមរដ្ឋអាជ្ញាអ៊ុយក្រែនបានអះអាងថា ការបាញ់ផ្លោងនោះបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមជាមួយលំនៅឋាន នៅតាមទីតាំងជាច្រើន ក្បែរតំបន់ព្រំដែន ព្រមទាំងមជ្ឈមណ្ឌលអប់រំមួយកន្លែង ស្ថិតក្នុងក្រុង ដឺហាជី (Derhachi) ប៉ុន្តែមិនមានមនុស្សបាត់បង់ជីវិតទេ។ ទាហានរុស្ស៉ីទាំង២នាក់ខាងលើ ត្រូវបានចាប់ខ្លួន ពេលឆ្លងព្រំប្រទល់ពីរុស្ស៉ីចូលដីអ៊ុយក្រែន ដើម្បីបន្តការវាយប្រហាររបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ តុលាការអ៊ុយក្រែន ក៏បានផ្តន្ទាទោសទាហានរុស្ស៉ីម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់ការសម្លាប់ជនស៉ីវិលស្លូតត្រង់ម្នាក់។ អ៊ុយក្រែនចោទរុស្ស៉ីថា បានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងលើជនស៉ីវិល កំលុងការឈ្លានពានរបស់ខ្លួន ខណៈទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់នេះ៕