(កៀវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ បង្ខំឱ្យរុស្ស៉ីត្រឡប់មករកតុចរចាវិញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកផ្ទាល់អះអាងថានឹងមិនផ្ដល់អាវុធបែបនេះឱ្យអ៊ុយក្រែនទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងបទវិចាណរកថាមួយចេញផ្សាយដោយកាសែតអាមេរិក New York Times នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «យើងនឹង បញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលទំនើបៗ និងគ្រាប់រំសេវបន្ថែម ដែលអាចជួយឱ្យពួកគេប្រយុទ្ធនៅលើសមរភូមិ និងមានជំហរកាន់តែរឹងមាំនៅឯតុចរចា»

ដោយឡែក បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ អាវុធដែលនឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ HIMARS ដែល កងទ័ពអ៊ុយក្រែនបានស្នើសុំជារឿយៗ ដើម្បីអាចទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៉ី។ ប៉ុន្តែ នៅពេលត្រូវបានសួរថាតើផ្ដល់អាវុធ បែបនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីដែរ ឬក៏យ៉ាងណា មន្ត្រីអាមេរិករូបនេះដដែលបានឱ្យដឹងថាទីក្រុងកៀវបានសន្យា ថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ ពោលគឺគ្រាន់តែប្រើដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីលទំនើបខាងលើ ស្ថិតនៅក្រោមកញ្ចប់ជំនួយយោធាមានទំហំទឹកប្រាក់ ៧០០លានដុល្លាររបស់រដ្ឋបាលលោក បៃដិន សម្រាប់អ៊ុយក្រែន ដែលអាចនឹងត្រូវប្រកាសថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ការប្ដូរចិត្តភ្លាមៗរបស់លោក បៃដិន កើតមានឡើង នៅចំពេលមានសេចក្ដីរាយការណ៍ថារុស្ស៉ីអាចនឹងវាយគ្រប់គ្រងទាំងស្រុងលើទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនឆាប់ៗនេះ៕