(យូអិន)៖ សហរដ្ឋអាមេរិក បានព្រមានថាខ្លួននឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្មអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្មមួយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការព្រមានខាងលើ នៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មានថាតើសហរដ្ឋអាមេរិកនឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្ម នៅឯក្រុមប្រឹក្សាសន្តិសុខ UN ដែរឬទេ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «រឿងដំបូងគេ នោះគឺយើងត្រូវពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ហើយជាការពិតណាស់ យើងបានព្យាយាមសម្រេចឱ្យបាននូវដំណោះស្រាយចុងក្រោយនេះ ក៏ដូចជានឹងជំរុញកញ្ចប់ទណ្ឌកម្មបន្ថែមនៅពេលអនាគត»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅតែជឿជាក់ថាកូរ៉េខាងជើងកំពុងរៀបចំត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើក ដំបូងចាប់តាំងពីឆ្នាំ២០១៧មក បើទោះជាទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្ដកំលុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ីកាលពីខែឧសភា កន្លងទៅ ដូចការព្រួយបារម្ភរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក៏ដោយ៕