(ប្រាស៊ីលីយ៉ា)៖ អាជ្ញាធរនៅក្នុងប្រទេសប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងខ្លាំង នៅឯតំបន់ប៉ែកឦសាននៃប្រទេស បានកើនដល់ ១០៦នាក់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

បើតាមអភិបាលរដ្ឋ ពែរណាមប៊ុយកូ (Pernambuco) លោក ប៉ៅឡូ កាម៉ារ៉ា (Paulo Camara) បច្ចុប្បន្នអាទិភាពចម្បងរបស់អាជ្ញាធរគឺស្វែងរកអ្នកដែល បាត់ខ្លួន ខណៈគ្រោះរអិលបាក់ និងទឹកជំនន់នៅតែបន្តកើតឡើង។ លោក កាម៉ារ៉ាបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងនឹងមិនឈប់ឡើយ រហូតទាល់តែយើង រកឃើញអ្នកដែលបានបាត់ខ្លួនទាំងអស់ ហើយនេះគឺជាអាទិភាពចម្បងនៅពេលនេះ»

គួរបញ្ជាក់ថា បើតាមអាជ្ញាធឧតុនិយមប្រេស៊ីល ភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់អាចនឹងបន្តកើតមាននៅក្នុងរដ្ឋ Pernambuco ជាពិសេសនៅក្នុងរដ្ឋធានី រ៉េស៊ីហ្វេ (Recife) នៃរដ្ឋមួយនេះតែម្ដង៕