(ម៉ាឌ្រីដ)៖ ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ដែលហាមប្រាមការនាំចូលប្រេងភាគច្រើនពីរុស្ស៉ីគឺ «មិនគ្រប់គ្រាន់ទេ» ហើយល្បឿននៃកំណាក់ទណ្ឌកម្មនេះទៀតសោត ក៏យឺតយ៉ាងពេកដែរ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ។

លោក Ihor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា «ប្រសិនបើអ្នកសួរខ្ញុំ ខ្ញុំនឹងនិយាយថា វិធានការទាំងនេះគឺយឺតយ៉ាងពេក ហើយច្បាស់ជាមិនគ្រប់គ្រាន់ទេ»

លោកបានបន្ថែមថា អ៊ុយក្រែនក៏មិនសប្បាយចិត្តជាមួយនឹងល្បឿននៃការចែកចាយអាវុធពីលោកខាងលិចដែរ។

គួរបញ្ជាក់ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃអង្គារនេះថា ទីបំផុតមេដឹកនាំ សហភាពអឺរ៉ុប បានឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងមួយជាគោលការណ៍» ស្តីពីការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៉ី។

នៅកញ្ចប់ទណ្ឌកម្មទី៦នេះ នឹងហាមឃាត់លើការបញ្ជូនប្រេងពីរុស្ស៉ី ទៅកាន់សហភាពអឺរ៉ុបតាមសមុទ្រ ចាប់ពីចុងឆ្នាំនេះតទៅ លើកលែងតែ ប្រេងដែលផ្តល់ដោយបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៉ី ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី, ស្លូវ៉ាគី និង ឆែកប៉ុណ្ណោះ៕