(នីហ្សេរីយ៉ា)៖ ប៉ូលីសនីហ្សេរីយ៉ាបាននិយាយថា មានមនុស្ស៣១នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រជ្រៀតដណ្តើមអាហារគ្នានៅទីក្រុង Port Harcourt ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

ហេតុការណ៍នេះវាបានកើតឡើងនៅក្នុងទីលានកីឡា កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ ដែលព្រះវិហារសាសនាមួយកំពុងចែកអាហារដល់ជនក្រីក្រ ដែលអ្នកខ្លះបានរង់ចាំនៅទីនោះពេញមួយយប់។

ប៉ូលិសបាននិយាយថា ហ្វូងមនុស្សបានក្លាយទៅជាភាពវឹកវរ និងមិនអាចគ្រប់គ្រងបាន ហើយអ្នករៀបចំកម្មវិធីក៏មិនអាចធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់បាន។

សាក្សី បាន ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន AFP ថា មាន ការ រុញ ច្រាន គ្នាយ៉ាងពពាក់ពពូនដើម្បីដណ្តើមកញ្ចប់អាហារ ដោយអ្នកខ្លះបានដួលទៅនឹងដី និងត្រូវ បាន គេជាន់ ឈ្លី ។ ភាគច្រើននៃជនរងគ្រោះជាកុមារ និងស្ត្រី។

សន្តិសុខ និងសេវាសង្គ្រោះបន្ទាន់ត្រូវបានហៅទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ អ្នក របួស ខ្លះ កំពុង សម្រាក ព្យាបាល នៅ មន្ទីរ ពេទ្យ យោធា Port Harcourt។

គួរបញ្ជាក់ថា ទីក្រុង Port Harcourt គឺជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់ក្នុងប្រទេសនីហ្សេរីយ៉ា។ ទោះបីជាប្រទេសនេះមានទ្រព្យសម្បត្តិប្រេងដ៏ច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនរបស់ខ្លួនប្រមាណ ៤០% កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕