(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨៩០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ២៨២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៦៧ករណី និងខេត្ត Nghệ An ចំនួន៦០ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧១៧,២៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤៤៨,៣៥២នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៨នាក់៕