(វីលនីញូស)៖ ប្រជាជននៅប្រទេសលីទុយអានីបាននាំគ្នា ចូលរួមបរិច្ចាគថវិការបស់ខ្លួន ដើម្បីយកទៅទិញយន្តហោះដ្រូនយោធាមួយគ្រឿង ឱ្យអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងតតាំងជាមួយនឹងរុស្ស៉ី ខណៈវាគឺជាការបង្ហាញពីសាមគ្គីភាព ពីសំណាក់ប្រទេសដែលធ្លាប់ជា ផ្នែកនៃអតីតសហភាពសូវៀត ដូចអ៊ុយក្រែនដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

ថវិកាគោលដៅគឺ៥លានអឺរ៉ូ ដែលស្មើនឹង៤.៧លានដុល្លារអាមេរិក ត្រូវរៃអង្គាសបានក្នុងរយៈពេលត្រឹម៤ថ្ងៃប៉ុណ្ណោះ ដើម្បីយកទៅផ្គត់ផ្គង់ដល់ការទិញយន្តហោះដ្រូនយោធា បេរ៉ាក់តា ធីប៊ីធូ (Bayraktar TB2)។ វាត្រូវបានផ្តួចផ្តើមដោយទូរទស្សន៍អនឡាញរបស់លីទុយអានី ឈ្មោះថា ឡាយស្វេស ធីវី (Laisves TV)។

យន្តហោះដ្រូនខាងលើ គឺជាផលិតផលរបស់ប្រទេសតួកគី ហើយត្រូវបានគេមើលឃើញថា មានសមត្ថភាពខ្ពស់ប្រឆាំងកងកម្លាំងរុស្ស៉ី ក៏ដូចជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ក្នុងជម្លោះរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅឯប្រទេសស៉ីរីនិងលីប៊ី។ ក្រសួងការពារជាតិលីទុយអានី ដែលជាអ្នកទទួលបន្ទុកចាត់ចែង ការទិញយន្តហោះដ្រូននោះ បានឱ្យដឹងថា ខ្លូននឹងផ្ញើលិខិតប្រាប់ពីបំណងចង់ទិញវាពីតួកគី នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ុយក្រែនខ្លួនឯងផ្ទាល់ ក៏បានទិញយន្តហោះដ្រូន Bayraktar TB2 ជាង២០គ្រឿង ពីក្រុមហ៊ុនតួកគី បេការ (Baykar) ផងដែរ ហើយកាលពីចុងខែមករា ឆ្នាំនេះ បានបញ្ជាទិញបន្ថែម១៦គ្រឿងទៀត ខណៈដ្រូនក្រុមចុងក្រោយនោះ ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែន កាលពីដើមខែមីនា៕