(ប៉េកាំង)៖ ទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយទីក្រុងប៉េកាំង បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែ មុនពេលដែលកូរ៉េខាងជើង បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន កូរ៉េខាងជើងស្រាប់តែបាននាំចូលម៉ាសរាប់លានបន្ទះ, ឧបករណ៍ជំនួយដង្ហើមចំនួន ១,០០០គ្រឿង ហើយអាចរួមទាំងវ៉ាក់សាំងចិនជាច្រើនដូសផងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

កាលពី២សប្តាហ៍មុន កូរ៉េខាងជើង បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន ដែលជាហេតុឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្រ្ត ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផង នៅក្នុងប្រទេស ដែលមានប្រជាជនជាង ២៥លាននាក់មួយនេះ។

កូរ៉េខាងជើង មិនត្រូវគេដឹងច្បាស់ថា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកុម្ភៈកន្លងទៅនេះ ចិនបាននាំចេញវ៉ាក់សាំង ដែលមិនស្គាល់អត្តសញ្ញាណ គិតមានតម្លៃស្មើនឹង ៣១១,១២៦ដុល្លារ ទៅឱ្យប្រទេសជិតខាងរបស់ខ្លួន។

ចាប់ពីខែមករា ដល់ខែមេសា ទិន្នន័យបានបង្ហាញថា កូរ៉េខាងជើងបានទិញម៉ាសច្រើនជាង ១០.៦លានបន្ទះពីចិន ហើយក្នុងរយៈពេល ៤ខែនេះ ចិនក៏បាននាំចេញឧបករណ៍វាស់សីតុណ្ហភាពជិត ៩៥,០០០គ្រឿង ផងដែរ ដែលបើធៀបទៅនឹង ឆ្នាំ២០២១ គឺជាបរិមាណច្រើនជាង ៣៣ដង។

ជាមួយគ្នា ចិនបាននាំចេញឧបករណ៍ជំនួយដង្ហើមចំនួន ១,០០០គ្រឿង ទៅកាន់កូរ៉េខាងជើង ក្នុងខែមេសា ដែលមានតម្លៃ ២៦៦,៨៩១ដុល្លារ ក៏ដូចជាសម្ភារវេជ្ជសាស្រ្ត ដែលអាចប្រើប្រាស់ដើម្បីធ្វើតេស្តរកជំងឺ COVID-19 ផងដែរ និងរួមមានទាំងស្រោមដៃកៅស៊ូ និងសម្លៀកបំពាក់ការពារជាដើម។ ការនាំចេញសរុបរបស់ចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងដល់ ៩៨.១លានដុល្លារក្នុងខែមេសា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២០។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួន ចំពោះពាណិជ្ជកម្មស្ទើរតែទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ហើយទើបតែអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ និងការនាំចូលផលិតផលមួយចំនួន ពីចិនតាមរយៈរថភ្លើង និងកប៉ាល់ នាពេលថ្មីៗនេះ តែប៉ុណ្ណោះ៕