(ប៉េកាំង)៖ ករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរមួយលើក ដែលកើតឡើងនៅសាលាបឋមសិក្សា Robb Elementary ដែលស្ថិតនៅក្រុង Uvalde រដ្ឋ Texas នៃអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភា តាមម៉ោងក្នុងតំបន់ គិតរហូតដល់បច្ចុប្បន្ននេះបានបណ្តាលឱ្យមនុស្សជាង ២០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារយ៉ាងហោចណាស់ ១៨នាក់ផងដែរ។

ករណីនេះគឺជាសោកនាដកម្ម ដែលគួរឱ្យអ្នកផងឈឺចាប់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កុមារដែលស្លាប់បាត់បង់ជីវិតទាំងនោះ មិនត្រឹមតែជាជីវិតដែលពោរពេញទៅដោយភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីសង្ឃឹមនៃគ្រួសាររបស់ពួកគេផងដែរ។ ដើមឡើយពួកគេមានអនាគតដ៏ល្អបវរ ប៉ុន្តែបច្ចុប្បន្ននេះ បែរជាបានក្លាយជាឧបករណ៍ត្រូវពលីក្នុងករណីហិង្សាដោយប្រើកាំភ្លើង។ យ៉ាងណាមិញ បើនិយាយចំពោះអ្នកនយោបាយអាមេរិកមួយចំនួន នេះគឺជារឿងដែលបានបណ្តែតបណ្តោយទៅជាទម្លាប់។

ករណីបាញ់ប្រហារដែលធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងទាំងនេះ បានធ្វើឱ្យប្រជាជនអាមេរិកខកចិត្តយ៉ាងខ្លាំង។ អំពើហិង្សាដោយប្រើកាំភ្លើងបានក្លាយជាជំងឺប៉េស្តនិងជារោគម្យ៉ាង ដែលមិនអាចព្យាបាលបានក្នុងសង្គមអាមេរិកជាយូរមកហើយ។ របាយការណ៍ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២០ ពាណិជ្ជករផលិតកាំភ្លើងរបស់អាមេរិក បានផលិតកាំភ្លើងសរុបជាង ១៣៩លានគ្រឿង សម្រាប់ដាក់លក់នៅក្នុងទីផ្សារស៊ីវិល ហើយគ្រាន់តែនៅឆ្នាំ២០២០ប៉ុណ្ណោះ ពួកគេក៏បានដាក់លក់កាំភ្លើង ១១,៣លានគ្រឿង។

បើមើលពីសំបកក្រៅអាចឃើញថា មូលហេតុផ្ទាល់ដែលបានរារាំងដល់ការគ្រប់គ្រងកាំភ្លើងនៅអាមេរិក គឺ ការកំណត់អំពីការកាន់កាប់កាំភ្លើងរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងច្បាប់វិសោធនកម្មទី២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ពិបាកនឹងផ្លាស់ប្តូរបាន។ តាមពិតទៅ បញ្ហានេះបាននិងកំពុងជំពាក់ជំពិននឹងបញ្ហាជាច្រើន ដូចជា ការបដិបក្ខគ្នារវាងគណបក្ស ក្រុមផលប្រយោជន៍និងការរើសអើងពូជសាសន៍នៅអាមេរិកជាដើម។ ជាពិសេស នយោបាយអាមេរិកបានបម្រើ ដល់សំឡេងឆ្នោតនិងលុយកាក់ ដែលបណ្តាលឲ្យដំណើរការគ្រប់គ្រងកាំភ្លើង បានជួបប្រទះការលំបាកជាច្រើន។

គួរបញ្ជាក់ថា ក្នុងនាមជាអង្គការពាក់ព័ន្ធកាំភ្លើងធំបំផុត និងជាក្រុមផលប្រយោជន៍ដ៏ខ្លាំងក្លារបស់អាមេរិក សមាគមកាំភ្លើងជាតិអាមេរិកហៅកាត់ថា NRA មានសមាជិកយ៉ាងហោចណាស់ ៥លាននាក់និងមូលធនដ៏ច្រើនសន្ធឹក។ សមាគមនេះមានឥទ្ធិពលខ្លាំងណាស់ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសរើសរដ្ឋសភា រហូតដល់ការតែងតាំងចៅក្រម នៃតុលាការកំពូលទៀតផង។ ធាតុពិតនៃសមាគម NRA នេះគឺ ក្រុមឧស្សាហកម្មយោធា ដែលបង្កើតឡើងដោយអ្នកនយោបាយ និងឈ្មួញសព្វាវុធវាបាននិងកំពុងជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ចំពោះគោលនយោបាយនិងមតិសាធារណៈ ក្នុងសង្គមរបស់អាមេរិក។

លើសពីនេះទៅទៀត ភាពជ្រុលនិយមខាងនយោបាយ និងភាពបែកបាក់គ្នា នៃសង្គមក៏ជាមូលហេតុសំខាន់ដែលបណ្តាលឱ្យ អំពើហិង្សាដោយប្រើកាំភ្លើង មាននៅពាសវាលពាសកាលផងដែរ។ និយាយរួម ប្រភាពនៃប្រការទាំងអស់នេះគឺ ដោយមកពីអាកប្បកិរិយាធ្វើព្រងើយកន្តើយមិនអើពើ សិទ្ធិរស់រានមានជីវិតរបស់ ប្រជាជនសាមញ្ញរបស់អ្នកនយោបាយអាមេរិក។ និយាយចំពោះអ្នកនយោបាយអាមេរិក អាយុជីវិតលើសពី ១លាននាក់ ដែលបានបាត់បង់ទៅដោយសារជំងឺកូវីដ១៩ គឺ គ្មានអ្វីសោះ ហើយឈាមស្រស់ដែលពាសពេញគ្រប់ទីកន្លែង ក្នុងករណីបាញ់ប្រហារក៏គ្មានអ្វីសោះដែរ មានតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងអនុត្តរភាពបែបអាមេរិកប៉ុណ្ណោះ ទើបជាអ្វីដែលពួកគេចង់បាន។

គ្មានអ្នកណាអាចដឹងថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈ របស់អ្នកនយោបាយអាមេរិក។ ពេលពួកគេបានធ្វើព្រងើយកន្តើយ មិនអើពើសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋប្រទេសខ្លួន តើពិភពលោកអាចជឿជាក់ថា ពួកគេនឹងយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ដល់សិទ្ធិមនុស្សរបស់ប្រទេសដទៃមែនទេ? សំឡេងកាំភ្លើងបានលាតត្រដាង នូវរបាំងមុខលាក់ពុតរបស់ «សិទ្ធិមនុស្សបែបអាមេរិក» រួចហើយ៕