(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) បានព្រមានពីផលវិបាកក្នុងតំបន់ ចំពោះកិច្ចព្រមព្រៀងសន្តិសុខរបស់ប្រទេសដីកោះសូឡូម៉ុន និង ចិន ខណៈដែលរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងណាមួយ នឹងត្រូវបរាជ័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកស្រី វ៉ុង បានប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃសុក្រនេះថា លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសហ្វីជី (Fiji) ដើម្បីបង្ហាញពីកិច្ចការអាទិភាព ដែលត្រូវផ្តល់ដល់តំបន់ប៉ាស៊ីហ្វិក ពីសំណាក់រដ្ឋាភិបាលថ្មី ដោយបញ្ជាក់ថា អូស្រ្តាលី គោរពចំពោះការសម្រេចចិត្តរបស់ប្រទេសនៅប៉ាស៉ីហ្វិក ក្នុងការចាប់ដៃគូជាមួយនរណា ប៉ុន្តែមានការព្រួយបារម្ភអំពីផលវិបាក នៃកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន នៅក្នុងតំបន់។

លោកស្រីបន្ថែមថា «យើងគិតថា វាសំខាន់ដែលសន្តិសុខក្នុងតំបន់ ត្រូវបានកំណត់ដោយតំបន់មួយ», «ពិភពលោកបានផ្លាស់ប្តូរ, មានការប្រកួតប្រជែង ជាយុទ្ធសាស្រ្តកាន់តែច្រើន, មានការរំខានដល់បទដ្ឋានអន្តរជាតិកាន់តែច្រើន ហើយការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន គឺជាឧទាហរណ៍ស្រាប់ ដូច្នេះយើងសង្ឃឹមថានឹងអាច ស្វែងរកការពិតតាមមធ្យោបាយរួម»

ដោយឡែក រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង ហូនីយ៉ារ៉ា (Honiara) នៃប្រទេសសូឡូម៉ុន យ៉ាងដូច្នេះថា «ការលាបពណ៌ និងការវាយប្រហារ លើកិច្ចព្រមព្រៀសន្តិសុខនេះ នឹងមានទីបញ្ចប់ ហើយព្យាយាមការជ្រៀតជ្រែក និងបំផ្លិចបំផ្លាញណាមួយ នឹងត្រូវបរាជ័យ។ លោក វ៉ាង បានបន្ថែមថា «កិច្ចព្រមព្រៀងនេះ គឺមានគោលបំណងជួយដល់សូឡូម៉ុន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ប៉ូលិស និង ការអនុវត្តច្បាប់ ប៉ុន្តែគ្មានបំណង បង្កើតមូលដ្ឋានយោធាណាមួយនោះទេ»

គួរបញ្ជាក់ថា ការលើកឡើងនេះត្រូវបានធ្វើឡើង ស្របពេលដែលមន្រ្តីទូតកំពូលរបស់ អូស្រ្តាលី និង ចិន កំពុងបំពេញទស្សនកិច្ចទៅកាន់តំបន់ប៉ាស៊ីហ្វិកដូចគ្នា ចំពោះមុខភាពតានតឹងដែល កើតចេញពីកិច្ចព្រមព្រៀងសន្តិសុខ សូឡូម៉ុន-ចិន៕