(វ៉ាស៉ីនតោន)៖ ទិន្នន័យផ្លូវការពីអាជ្ញាធរអាមេរិក បានបង្ហាញឱ្យឃើញថា «កាំភ្លើង» បានវ៉ា «គ្រោះថ្នាក់ចរាចរណ៍» ក្លាយជា មូលហេតុចម្បង នៃការបាត់បង់ជីវិតក្នុងចំណោមក្មេងៗ នៅសហរដ្ឋអាមេរិក ខណៈអំពើឃាតកម្មដោយប្រើកាំភ្លើង មានការកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ទិន្នន័យខាងលើរបស់មជ្ឈមណ្ឌល CDC អាមេរិក បានបង្ហាញថា កុមារនិងក្មេងជំទង់សរុប ៤,៣៦៨នាក់ ដែលមានអាយុដល់ត្រឹម ១៩ឆ្នាំ បានបាត់បង់ជីវិតដោយសារតែកាំភ្លើង នៅក្នុងឆ្នាំ២០២០ ដែលជាឆ្នាំកត់ត្រាទិន្នន័យថ្មីចុងក្រោយបំផុត។ ក្នុងករណីទាំងនោះ គឺករណី២ភាគ៣ បណ្តាលមកពីអំពើឃាតកម្ម។ រីឯ៣០ភាគរយ គឺជាករណីធ្វើអត្តឃាត ខណៈត្រឹម៣ភាគរយ ជាករណីកើតឡើងដោយអចេតនា ហើយ២ភាគរយ ជាករណីដែលមិនអាចកំណត់ពីចេតនាបាន។

គួរបញ្ជាក់ថា បើក្រឡេកទៅមើលករណីស្លាប់របស់ក្មេងៗអាមេរិក ដែលស្ថិតក្នុងក្រុមអាយុខាងលើ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ឆ្នាំដូចគ្នាវិញនោះ គឺមានចំនួន ៤,០៣៦នាក់ ខណៈកន្លងមក វាធ្លាប់ជាមូលហេតុនាំមុខគេ នៃការស្លាប់របស់ក្មេងក្នុងក្រុមអាយុនេះ។ យោងតាមទិន្នន័យរបស់ CDC គម្លាតរវាងមូលហេតុទាំងពីរ បានបន្តរួមតូចទៅៗ ស្របពេលដែលវិធានការសុវត្ថិភាពផ្លូវថ្នល់ ត្រូវបានពង្រឹងឱ្យប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការស្លាប់ដោយសារកាំភ្លើង បានបន្តកើនឡើងខ្ពស់។ តួយ៉ាងក្នុងសប្តាហ៍នេះ ទើបតែមានករណីបាញ់ប្រហារដ៏រន្ធត់មួយ ដែលបានផ្តាច់ជីវិតសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់ នៅឯរដ្ឋ Texas៕