(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក ក្នុងសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តគម្រោងមួយចំនួន ស្តីពីការលក់សព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ៣.១ពាន់លានដុល្លារ ឱ្យទៅបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានដូចជាអូស្រ្តាលី អេហ្ស៉ីប និងហូឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

គម្រោងខាងលើរួមមាន ការលក់ប្រព័ន្ធបាញ់មីស៉ីល HIMARS ចំនួន២០គ្រឿង ព្រមទាំងបរិក្ខារមួយចំនួនទៀត ឱ្យទៅអូស្រ្តាលី ក្នុងតម្លៃ៣៨៥លានដុល្លារ, ការលក់ឧទ្ធម្ភាគចក្រ CH-47F Chinook ព្រមទាំងសម្ភារៈពាក់ព័ន្ធ ឱ្យទៅអេហ្ស៉ីបក្នុងតម្លៃប្រហែល ២.៦ពាន់លានដុល្លារ, និងការលក់គ្រាប់មីស៉ីល AIM-9X Block II និង AIM-9X Block II+ ឱ្យទៅហូឡង់ ក្នុងតម្លៃ ១១៧លានដុល្លារ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៉ីល HIMARS ជាផលិតផលរបស់ក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) ខណៈឧទ្ធម្ភាគចក្រ Chinook ជាផលិតផលរបស់ក្រុមហ៊ុន Boeing។ ចំណែក មីស៉ីល AIM-9X សម្រាប់បំពាក់លើយន្តហោះ គឺជាផលិតផលរបស់ក្រុមហ៊ុន រ៉េធីអន (Raytheon)៕