(ជីស៊ីណូ)៖ តុលាការរបស់ប្រទេសម៉ុលដាវី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់អតីតប្រធានាធិបតី លោក អ៉ីហ្គរ ដូដុន (Igor Dodon) ឲ្យស្ថិតក្រោម ការឃុំខ្លួននៅក្នុងផ្ទះ រយៈពេល៣០ថ្ងៃ ដើម្បីអនុញ្ញាឲ្យរដ្ឋអាជ្ញាដំណើរការស៊ើបអង្កេត លើបទសចោទប្រកាន់ពីអំពើពុករលួយ និងក្បត់ជាតិ។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

លោក ដូដុន ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំគណបក្សប្រឆាំង ដែលគាំទ្ររុស្ស៉ីផងដែរនោះ ត្រូវបានតុលាការស្រុក ស៊ីអូកាណា (Ciocana) នៃរដ្ឋធានី ជីស៊ីណូ (Chisinau) បានចេញដីការបង្គាប់ឲ្យឆែកឆេរផ្ទះ រយៈពេល២ថ្ងៃ និងត្រូវបានគេឃុំខ្លួនរយៈពេល ៧២ម៉ោង។ បន្ទាប់ពីសវនាការ បានបញ្ចប់ លោក ដូដុន បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ករណីនេះគឺមានហេតុផលនយោបាយ រីឯរដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់នេះ។

លោក ដូដុន បានលើកឡើងយ៉ាងដូច្នេះថា «ចៅក្រមកំពុងអនុវត្តបទបញ្ជានយោបាយពីប្រធានាធិបតីដែលបានស្នងតំណែងពីលោកកាលពីឆ្នាំ២០២០»។ លោក បន្ថែមថា «លោកគ្មានទ្រព្យសម្បត្តិអ្វី ក្រៅពីទ្រព្យសម្បតិ្តដែលបានប្រកាសជាផ្លូវការនោះទេ»

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក ដូដុន បានកើតឡើងដំណាលគ្នានឹងស្ថានភាពទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងជីស៊ីណូ កាន់តែតានតឹង ខណៈ វិមានក្រឹមឡាំងធ្លាប់បង្ហាញក្តីបារម្ភលើរបាយការណ៍នៃការឃុំខ្លួន លោក ដូដុន ហើយអ្នកនាំពាក្យ លោក ឌីមីទ្រី ប៉េសកូវ បានអំពាវនាវឲ្យអាជ្ញាធរម៉ុលដាវី គោរពសិទ្ធិរបស់លោក ដូដុន៕