(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាសហរដ្ឋអាមេរិក នឹងមិនរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននោះទេ ប៉ុន្តែចង់ឱ្យចិនប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងសុន្ទរកថារយៈពេល ៤៥នាទី នៅឯសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) ដែលគ្របដណ្តប់លើបញ្ហាទ្វេភាគីដ៏ចម្រូងចម្រាស ជាមួយចិន លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនស្វែងរកជម្លោះ ឬបង្កើតសង្រ្គាមត្រជាក់ថ្មីទេ តែផ្ទុយទៅវិញយើងប្តេជ្ញាចិត្ត ដើម្បីចៀសវាង ស្ថានការណ៍ទាំងនេះ»។ ទីក្រុងវ៉ាស៊ីនតោនមិនព្យាយាមផ្លាស់ប្តូរប្រព័ន្ធនយោបាយ របស់ប្រទេសចិននោះទេ ប៉ុន្តែនឹងការពារច្បាប់អន្តរជាតិ, ស្ថាប័នរក្សាសន្តិភាព និងសន្តិសុខ រួមទាំងធ្វើឲ្យប្រទេសនានាអាចរួមរស់ជាមួយគ្នាបាន។

លោក ប្ល៊ីនខិនបន្ថែមថា «ចិនបានបង្កបញ្ហាប្រឈមរយៈពេលវែង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែរដ្ឋបាលលោក បៃដិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងប៉េកាំង ហើយនឹងឆ្លើយតបជាវិជ្ជមាន ប្រសិនបើមន្ត្រីចិនចាត់វិធានការដើម្បីដោះស្រាយនូវកង្វល់នេះ»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែការរក្សាការដំឡើងពន្ធលើ ទំនិញរបស់ចិន ស្របពេលដែល ទីក្រុងវ៉ាស៊ីនតោន ព្យាយាមបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ សុន្ទរកថារបស់ប្រមុខការទូតអាមេរិកនាពេលនេះជាការបញ្ជាក់ដ៏កម្រមួយ អំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន៕