(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី ម៉ាហ្ការីតា រ៉ូប្លេស (Margarita Robles) និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេកស៍ (Ben Wallace) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការពង្រីកវត្តមានរបស់រុស្ស៊ី នៅលើទ្វីបអាហ្រ្វិក អាចបង្កការគំរាមកំហែង គួរឱ្យព្រួយបារម្ភដល់ផ្នែកខាងត្បូង នៃអង្គការអង្គការណាតូ (NATO)។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

សកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី និងវត្តមានរបស់ក្រុមហ៊ុនសន្តិសុខឯកជនរុស្ស៉ី ដូចជាក្រុមហ៊ុន Wagner Group កំពុងកើនឡើង នៅបណ្តាប្រទេសអាហ្វ្រិកដូចជាលីប៊ី និងម៉ាលី ហើយបើតាមប្រមុខការពារជាតិនៃប្រទេសទាំងពីរ ការវិវត្តន៍បែបនេះ គឺច្បាស់ណាស់ថា ទីក្រុងម៉ូស្គូអាចប្រើឥទ្ធិពលនេះ ប្រឆាំងនឹង អឺរ៉ុប ឬណាតូ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង ម៉ាឌ្រីដ (Madrid) លោកស្រី Robles និង លោក Wallace បានភ្ជាប់សកម្មភាពរបស់រុស្ស៊ី ទៅនឹងការកើនឡើងនៃការគំរាមកំហែងនៃឧក្រិដ្ឋកម្ម និងអំពើភេរវកម្មនៅក្នុងតំបន់ គួបផ្សំនឹងអស្ថិរភាពដែលកំពុងកើនឡើង និងហានិភ័យនៃភាពអត់ឃ្លាននៅក្នុងទ្វីបអាហ្រ្វិក ដោយលើកឡើងថា ការវិវត្តបែបនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់អឺរ៉ុប។ ជាមួយគ្នានោះ អ្នកទាំងពីរបានព្រមានថា ទីក្រុងមូស្គូក៏អាចនឹងបង្កការគំរាមកំហែងដល់ សន្តិសុខរបស់ NATO នៅភាគខាងត្បូង ផងដែរ។

លោកស្រី Robles បាននិយាយដូច្នេះថា «ណាតូ មិនអាចនៅព្រងើយកន្តើយ ក្នុងស្ថានភាពនេះបានទេ» ខណៈដែលលោក Wallace បានផ្តល់យោបល់ថា «គោលគំនិតយុទ្ធសាស្ត្ររបស់បក្សសម្ព័ន្ធយោធានេះ ត្រូវតែមានការចូលរួមពីសមាជិកទាំងអស់របស់ NATO»។

គួរបញ្ជាក់ថា ជំនួបរវាងប្រមុខការពារជាតិអេស្ប៉ាញ និងអង់គ្លេស បានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលមួយ របស់អង្គការណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ដែលគ្រោងធ្វើនៅចុងខែមិថុនា ខាងមុខនេះ។ កាលពីដើមខែនេះ បណ្តារដ្ឋនៃតំបន់បាល់ទិក បានទាមទារឱ្យមាន ការដាក់កម្លាំងរបស់ណាតូ នៅភាគខាងកើត ស្របពេលដែលហ្វាំងឡង់ និងស៊ុយអែត ក៏បានសម្តែងឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមបក្សសម្ព័ន្ធយោធានេះដែរ៕