(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនសង្ឃឹមថា ទំនាក់ទំនងជាមួយប្រទេសសូឡូម៉ុន (Solomon) អាចដើរតួនាទីជាគំរូ សម្រាប់បណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក Wang បានទៅដល់ Solomon នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅបណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកសរុបចំនួន៨ ដែលជាសកម្មភាពត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ថាជាការបង្ហាញពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

បើតាមសេចក្តីថ្លែងការណ៍ ដែលបានចុះផ្សាយលើគេហទំព័ររបស់ក្រសួងការបរទេសចិន លោក Wang បាននិយាយថា កោះ Solomon ទទួលបាន «ដៃគូដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្ត» នៅពេលដែលបានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន។

គួរបញ្ជាក់ថា ឯកសារដែលបានទទួលដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ចិននឹងស្វែងរកកិច្ចព្រមព្រៀងទូទាំងតំបន់ ជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ ផ្នែកប៉ូលីស សន្តិសុខ និងទំនាក់ទំនងទិន្នន័យ នៅពេលដែលលោក Wang បើកកិច្ចប្រជុំ នៅប្រទេសដីកោះហ្វីជី នៅសប្តាហ៍ក្រោយ៕