(ដាកា)៖ ប្រធានាធិបតីសេណេហ្កាល់ លោក ម៉ាគី សល (Macky Sall) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទារកដែលទើបនឹងកើត ចំនួន១១នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអគារទារកដ្ឋាន នៃមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង ទីវ៉ាអូអាន (Tivaouane) ស្ថិតនៅចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីដាកា (Dakar)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក Sall បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំមានការឈឺចាប់ និងតក់ស្លុតជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងអំពី ការស្លាប់របស់ទារកដែលទើបនឹងកើតចំនួន ១១នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅឯមន្ទីរពេទ្យ ម៉ាម៉េ អាឌូ អាស៊ីស ស៊ី ដាបាក (Mame Abdou Aziz Sy Dabakh) ក្នុងទីក្រុង Tivaouane» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះទេ។

លោកក៏បានចូលរួមរំលែកទុក្ខ និងសម្តែងការអាណិតអាសូរជាទីបំផុត ជូនចំពោះម្តាយ និងក្រុមគ្រួសាររបស់ពួកគេផងដែរ កំលុងពេលដែលលោក កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអង់ហ្គោឡា ហើយលោកបញ្ជាក់ថា នឹងកាត់បន្ថយការធ្វើដំណើរ ដើម្បីវិលត្រឡប់មកប្រទេសវិញភ្លាមៗ ផងដែរ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីសុខាភិបាលសេណេហ្កាល់ លោក អាប់ឌូឡាយ៉េ ឌេអ៊ូស សា (Abdoulaye Diouf Sarr) ការស៊ើបអង្កេតបឋមបង្ហាញថា វាទំនងជាបង្កឡើងដោយ ករណីទុស្សេខ្សែភ្លើង៕