(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។

លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះ ការដែលលោកស្រី Michelle Bachelet បំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងអធិប្បាយអំពីបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ នៃកិច្ចការសិទ្ធិមនុស្សរបស់ចិន តាមរយៈប្រវត្តិសាស្ត្រនិងវប្បធម៌ចិន ក៏ដូចជាបង្ហាញពីគោលជំហរ និងគោលការណ៍របស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិនដែលខិតខំប្រឹងប្រែងគាំពារ និងធានាសិទ្ធិមនុស្សដោយគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានលើកឡើងទៀតថា ភាគីចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អំពីសិទ្ធិមនុស្សយ៉ាងសកម្មលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញកិច្ចការសិទ្ធិមនុស្សអន្តរជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានា។

ជាការឆ្លើយតប លោកស្រី Michelle Bachelet បានថ្លែងថា នេះគឺលើកទីមួយដែលឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ លោកស្រីយកចិត្តទុកដាក់និងឱ្យតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចលើកនេះ លោកស្រីនឹងទាក់ទងយ៉ាងទូលំទូលាយ និងផ្លាស់ប្តូរផ្ទាល់ជាមួយរដ្ឋាភិបាលចិន និងឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមចិន ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងមានអំណោយផលដល់រូបលោកស្រី ក្នុងការស្វែងយល់ពីប្រទេសចិន៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជា ចិន