(ប៉េកាំង)៖ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិន និងសហភាពអឺរ៉ុប គឺជាដៃគូមិត្តភាព ជាជាងគូប្រជែង ហើយកិច្ចសហប្រតិបត្តិការ គឺជាចរន្តសំខាន់ណាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក Wang បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់បារាំង លោកស្រី ខាធើរីន ខូឡូនណា (Catherine Colonna) ដែលបានចូលកាន់តំណែងកាលពីសប្តាហ៍មុន។ លោក Wang បានគូសបញ្ជាក់ថា ចិន និងសហភាពអឺរ៉ុបគួរតែគោរពគ្នាទៅវិញទៅមក, បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងចូលរួមក្នុងការទំនាក់ទំនងគ្នាដោយស្មោះត្រង់ និងស៊ីជម្រៅ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីចៀសវាង «ការធ្វើការទូតតាមមីក្រូហ្វូន»

លោក Wang បានបន្ថែមថា ចិនគាំទ្រយ៉ាងមុតមាំនូវសមាហរណកម្មអឺរ៉ុប និងគាំទ្របារាំងដែលកាន់តំណែងជា ប្រធានរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប។

លោក Wang បានលើកឡើងថា បារាំង គឺជាប្រទេសដ៏សំខាន់មួយ ដែលមានឥទ្ធិពលលើពិភពលោក ហើយតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ។ ការប្រឈមមុខនឹងការផ្លាស់ប្តូរ ដែលមើលមិនឃើញក្នុងរយៈពេល១សតវត្សមកនេះ វាគឺចាំបាច់ណាស់សម្រាប់ចិននិងបារាំងក្នុងការពង្រឹង កិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ ឱ្យកាន់តែស៊ីជម្រៅជាងមុន។

លោកស្រី Colonna ក៏បានឆ្លើយតបវិញថា បារាំងគោរពប្រពៃណីការទូត នៃឯករាជ្យភាពរបស់ចិនណាស់ ហើយប្តេជ្ញាធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប-ចិន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។

គួរបញ្ជាក់ថា ការអំពាវនាវខាងលើនេះ បានធ្វើឡើងរយៈពេល២សប្តាហ៍ បន្ទាប់ពីកិច្ចសន្ទនាតាមរយៈទូរស័ព្ទរវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង (Xi Jinping) និងសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈដែលប្រធានាធិបតីបារាំង បានចាប់ផ្តើមអាណត្តិទី២ របស់លោក៕