(ប៉េកាំង)៖ ពេលថ្មីៗនេះ កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក-អាស៊ាន ដែលដំណើរការរយៈពេលពីរថ្ងៃ បានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាលោក Biden ប្រធានាធិបតីអាមេរិកបានអះអាងទាំងចំហថា កិច្ចប្រជុំកំពូលលើកនេះ ជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងអាមេរិក-អាស៊ាន បានចូលក្នុង «យុគសម័យថ្មី» ក៏ដោយ តែបើមើលពីលទ្ធផលនៃកិច្ចប្រជុំទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន មិនមែនកាន់តែជិតស្និទ្ធដោយសារកិច្ចប្រជុំលើកនេះទេ ចំណែកការប៉ុនប៉ងរបស់អាមេរិក ដែលចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានទទួលបរាជ័យទាំងស្រុង។

តាម «សេចក្តីថ្លែងការណ៍អំពីទស្សនៈទានរួម» ឆ្នាំ២០២២ ដែលបានចេញផ្សាយក្រោយពីកិច្ចប្រជុំ វាច្បាស់ណាស់ថា ការលើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងភាគីទាំងពីរ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» គឺជាលទ្ធផល «ដ៏សំខាន់បំផុត» នៃកិច្ចប្រជុំ។ ប៉ុន្តែប្លែកណាស់ ការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរ គឺមិនមែនមានសពលភាពភ្លាមៗនោះទេ។
បណ្តាប្រទេសអាស៊ានគ្រាន់តែបានសន្យាក្នុងសេចក្តីថ្លែងការណ៍រួមថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងធ្វើនៅខែវិច្ឆិកាឆ្នាំនេះ លើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិកទៅជា «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏មានអត្ថន័យ ខ្លឹមសារ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក»។ វាច្បាស់ណាស់ដែលប្រទេសអាស៊ាន ត្រូវការមើលសង្កេតចំពោះ «ចិត្តស្មោះត្រង់» នៃកិច្ចសហប្រតិបត្តិការរបស់អាមេរិក។

ក្នុងកិច្ចប្រជុំលើកនេះ អាមេរិកមិនអើពើចំពោះសំណើរបស់អាស៊ាន កែសម្រួលរបៀបវារៈដោយឥតឈប់ឈរ ហើយបានពន្យារពេលពី ចុងខែមីនា ដល់ខែឧសភា។ ខណៈពេលនៅអាមេរិក លោក Biden ប្រធានាធិបតីអាមេរិក ត្រឹមតែបានចូលរួមអាហារពេលល្ងាចស្វាគមន៍ នៅថ្ងៃទី១២ និងជំនួបសមូហភាពជាមួយមេដឹកនាំអាស៊ាន នៅរសៀលថ្ងៃទី១៣ ប៉ុណ្ណោះទេ ហើយយកការរវល់ពេកជាលេស មិនបានរៀបចំកិច្ចពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអាស៊ាន ដែលអាចបង្ហាញឱ្យឃើញថា អាមេរិកអត់យកចិត្តទុកដាក់ទៅលើប្រទេសអាស៊ានទេ។

ខណៈពេលដែលអាមេរិកនិយាយឱ្យរួចពីមាត់អំពី «កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក» វាកំពុងជំរុញឱ្យ អាស៊ានឈរនៅលើខ្សែប្រយុទ្ធខាងមុខ នៃការតស៊ូប្រឆាំងរវាងប្រទេសមហាអំណាច។ សូម្បីតែផែនការផ្តល់ថវិកាត្រឹមតែ ១៥០លានដុល្លារអាមេរិក ដែលអាមេរិកសន្យាក្នុងកិច្ចប្រជុំនេះ ក៏មិនភ្លេចដាក់៦០ លានដុល្លារអាមេរិក ចូលក្នុងគម្រោង «ជំនួយបង្កើនការការពារដែនសមុទ្រ» ដែរ វាច្បាស់ជាចង់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន។

ចំណែក ១៥០លានដុល្លារអាមេរិក មិនមែនជានិមិត្តសញ្ញាសម្រាប់ អង្គភាពសេដ្ឋកិច្ចក្នុងតំបន់ទាល់តែសោះ ហើយបើប្រៀបធៀបជាមួយលុយរាប់ពាន់លាន ឫរាប់សិបពាន់លានដុល្លារអាមេរិក ដែលអាមេរិកផ្ញើទៅឱ្យអ៊ុយក្រែននោះ តើអាមេរិកចង់សហការដោយស្មោះត្រង់ ស្វែងរកការអភិវឌ្ឍរួមគ្នា ឬចាប់យកឱកាសសម្រាប់បង្កការតតាំងគ្នាក្នុងតំបន់ ដើម្បីរកប្រាក់ពីសង្គ្រាម? ចេតនារបស់វាគឺជាច្បាស់លាស់ដោយមិនបាច់និយាយ។

ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ាន ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០០៩ មក។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ាន បានឈានដល់ជិត ២៩០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៩.៤% បើប្រៀបធៀបនិងរយៈពេលដូចគ្នា អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន។ ម្យ៉ាងវិញទៀត អាមេរិកមិនមានចំណាប់អារម្មណ៍ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាស៊ាន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាននោះទេ ផ្ទុយទៅវិញវាបានបង្ខំប្រទេសអាស៊ានម្តងហើយម្តងទៀត ឱ្យឈរនៅជាមួយខ្លួន និងចូលរួមក្នុងការតស៊ូប្រឆាំងចិននិងរុស្ស៊ី។ ពេលកន្លងមក អាមេរិកបានដាក់សម្ពាធច្រើនដង ទៅលើប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ ដែលតម្រូវឱ្យឥណ្ឌូនេស៊ីបដិសេធ ការចូលរួមរបស់លោក Putin ប្រធានាធិបតីរុស្ស៊ី ។

ដូច្នេះ ប្រសិនបើអាមេរិក ពិតជាចង់បង្កើនទំនាក់ទំនងជាមួយអាស៊ានមែននោះ គប្បីស្តាប់សំឡេងរបស់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលចង់រក្សាសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងស្វែងរកការអភិវឌ្ឍរួមគ្នា។ បើសិនជាកាន់ទង់កិច្ចសហប្រតិបត្តិការ តែប៉ុនប៉ងចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក មុខជាមិនអាចទទួលបានការគាំទ្រជាដាច់ខាត ហើយក៏មុខជានឹងទទួលបរាជ័យជាមិនខាន៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន