(ប៉េកាំង)៖ យោធាចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធដែនអាកាសរួមគ្នា ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយរុស្ស៉ីលើតំបន់សមុទ្រជប៉ុន, សមុទ្រចិនខាងកើត និងនៅភាគខាងលិចប៉ាស៊ីហ្វិក មិនបានសំដៅលើប្រទេសណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការពារជាតិចិន បានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ការចេញប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូងជាមួយរុស្ស៉ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ គឺជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំប៉ុណ្ណោះ។ ប្រទេសចិន និងរុស្ស៉ី ធ្លាប់បានចេញប្រតិបត្តិការល្បាតបែបនេះ នាពេលកន្លងមក ក្នុងឆ្នាំ២០១៩, ២០២០ និង២០២១ រួចមកហើយ។

គួរបញ្ជាក់ថា រុស្ស៉ី និងចិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចេញប្រតិបត្តិការល្បាតរួមគ្នារយៈពេល ១៣ម៉ោង នៅលើតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៉ី Tu-95 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន Xian H-6។

វាបានធ្វើឡើង ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បិទបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ី ជាទីដែលលោកបានធ្វើឱ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយនិយាយថា លោកមានឆន្ទៈក្នុងការប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះស្ថិតនៅក្រោមការវាយប្រហាររបស់ចិន៕