(ប៉េកាំង)៖ បៀមួយសន្លឹកទៀតនៅក្រោមអ្វីដែលគេហៅថា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» របស់អាមេរិកបានលេចចេញជាផ្លូវការ។ ថ្ងៃទី២៣ខែឧសភាតាមម៉ោងក្នុងតំបន់ មេដឹកនាំអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន បានប្រកាសដំណើរការនូវអ្វីដែលគេហៅថា «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)»។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអួតថា «ការកាត់ផ្តាច់» ពីប្រទេសចិននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ មិនកាត់បន្ថយពន្ធលើការចូលក្នុងទីផ្សារអាមេរិក ខ្លឹមសារភាគច្រើននៃក្របខណ្ឌនេះគឺមិនច្បាស់លាស់ ធ្វើឱ្យគេស្រពិចស្រពិល។

អ្នកវិភាគខ្លះបានវែកញែកថា នេះគ្រាន់តែជាឧបាយកល «ចាប់ចចកសដោយដៃទទេ» របស់អាមេរិក ហើយនៅសល់តែការឃុបឃិតប៉ុណ្ណោះ…… ក្របខណ្ឌនេះមិនបរិសុទ្ធតាំងពីពេលដាក់ចេញមកម្ល៉េះ សុទ្ធសឹងតែកំពុង «វាស់ខ្លួនកាត់ខោអាវ» សម្រាប់ប្រទេសចិន។ «ពហុភាគីនិយមក្លែងក្លាយ» បែបនេះ នឹងនាំមកនូវការបែកបាក់ និងការតតាំងគ្នាក្នុងតំបន់តែប៉ុណ្ណោះ មិនមែនសេរីភាព ភាពបើកចំហ និងវិបុលភាពដែលអាមេរិកអះអាងនោះទេ។

ហេតុអ្វីបានជាអាមេរិកនិយាយមិនច្បាស់លាស់អំពី ខ្លឹមសារនៃអ្វីដែលគេហៅថា «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក»? ព្រោះវាពិតជាមិនចង់ធ្វើជំនួញ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយប្រទេសអាស៊ីទាល់តែសោះ អ្វីដែលពួកគេកំពុងគិតគឺរបៀប «ទាញក្រុម» ដើម្បីប្រមូលគុណសម្បត្តិខាងបច្ចេកវិទ្យា ពង្រឹងអនុត្តរភាពខាងសេដ្ឋកិច្ច និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

នាពេលបច្ចុប្បន្ននេះ អាមេរិកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន ដូចជាអតិផរណាខ្ពស់ និងការបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ សំខាន់ជាងនេះទៅទៀត ប្រទេសក្នុងតំបន់មានការភ័យខ្លាចជាបន្តបន្ទាប់ចំពោះ «ការដកខ្លួនចេញពីក្រុមនិងបំពានកិច្ចសន្យា» របស់ភាគីអាមេរិក ហើយវាពិបាកក្នុងការលុបបំបាត់ឱនភាពនៃការជឿទុកចិត្ត។ នៅក្រោមសភាពការណ៍ប្រយុទ្ធគ្នារបស់គណបក្សពីរ និងភាពជ្រុលនិយមខាងនយោបាយនៅអាមេរិក តើរដ្ឋាភិបាលអាមេរិកមានទីបង្អែកអី ក្នុងការយកឈ្នះលើជំងឺរ៉ាំរ៉ៃនៃរបបរបស់អាមេរិក ហើយធានាឱ្យក្របខណ្ឌនេះត្រូវបានអនុវត្ត?

បំណងប៉ុនប៉ងរបស់អាមេរិកគឺសំដៅទៅលើប្រទេសចិន ប៉ុន្តែមិនថាវាព្យាយាមយ៉ាងណាក៏ដោយ វានឹងមិនប៉ះពាល់ដល់ការរំពឹងទុក នៃការអភិវឌ្ឍក្នុងតំបន់នោះទេ។ អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានការទទួលស្គាល់ខ្ពស់ នៃសកលភាវូបនីយកម្មនិងពាណិជ្ជកម្មសេរី និងសមិទ្ធផលលេចធ្លោ។ ក្នុងនាមជាមហាអង្គសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសភាគច្រើនដាច់ខាតនៅក្នុងតំបន់។ ទីផ្សារដ៏ធំធេងដែលមានចំនួនប្រជាជន ១,៤០០លាននាក់ បានបើកចំហយ៉ាងពេញលេញទៅកាន់ប្រទេសក្នុងតំបន់ តើអាមេរិកអាចធ្វើបានទេ?

អាស៊ីប៉ាស៊ីហ្វិកគឺជាគោលដៅដ៏មានប្រជាប្រិយភាព សម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្ដារអុកភូមិសាស្ត្រនយោបាយនោះទេ។ អ្វីដែលគេហៅថា «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» ដែលបង្កើតឡើងដោយអាមេរិក បង្កប់នូវគោលបំណងផ្សេងទៀត ដើម្បីបង្កើតការបំបែកសេដ្ឋកិច្ច ការទប់ស្កាត់បច្ចេកវិទ្យា និងកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម វានឹងធ្វើឱ្យខូចផលប្រយោជន៍ជាគន្លឹះ នៃតំបន់ជាមិនខាន។ចំពោះអ្នកបំភ្លៃដោយចេតនា បណ្តាប្រទេសអាស៊ីគួរតែបើកភ្នែកមើលឱ្យច្បាស់ រក្សាការប្រុងប្រយ័ត្ន ហើយក្ដាប់ជាប់នូវវាសនា នៃការអភិវឌ្ឍយ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន។ អ្នកដែលចង់ដាក់ឱ្យប្រទេសចិននៅឯកោនឹងឃើញថា ទីចុងបំផុត អ្នកនៅឯកោគឺពួកគេខ្លួនឯង៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន