(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកសំខាន់នៃយន្តការពហុភាគី ដូចជា ប្រទេស BRICS អង្គការសហប្រតិបតិ្តការសៀងហៃនិងប្រទេស G20 ជាដើម ចិននិងរុស្ស៊ីនឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញពហុប៉ូលភាវូបនីយកម្មនៃពិភពលោក និងប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាគាំពារពហុភាគីនិយមដ៏ពិតប្រាកដ និងប្រឆាំងជាដាច់ខាតចំពោះ ទង្វើអនុត្តរភាពនិងការបដិបក្ខគ្នាជាក្រុម ក្នុងទំនាក់ទំនងអន្តរជាតិ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែង នៅថ្ងៃទី ២៣ ខែឧសភាថា រុស្ស៊ីនឹងបន្តអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាពជាមួយប្រទេសចិន។ ក្នុងបរិបទដែលប្រទេសលោកខាងលិច បានអនុវត្តអនុត្តរភាពនិយមនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចរវាងរុស្ស៊ីនិងចិន នឹងសម្រេចបាននូវការអភិវឌ្ឍកាន់តែលឿន។ ប្រទេសទាំងពីរបានរួមគ្នាផ្តួចផ្តើមឱ្យជំរុញ ប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ដែលនឹងផ្តល់ផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ក្នុងបញ្ហាជាច្រើន ដូចជា ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ និងជំរុញពហុប៉ូលភាវូបនីយកម្មនៃពិភពលោក។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះ ការសម្តែងអាកប្បកិរិយារបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៕