(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសម្រេចកំណត់យកថ្ងៃទី១៥ ខែមិថុនា ជាកាលបរិច្ឆេទនៃការធ្វើតេស្តលើកទីពីរ របស់គ្រាប់រ៉ុក្កែតអវកាសឈ្មោះថា នូរី (Nuri) ដែលទីក្រុងសេអ៊ូលបាននិងកំពុងអភិវឌ្ឍឡើង ដោយប្រើបច្ចេកវិទ្យាក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

កាលពីខែតុលា ឆ្នាំ២០២១ ដែលជាពេលធ្វើតេស្តលើកដំបូង គ្រាប់រ៉ុក្កែត Nuri បានហោះឡើងដល់រយៈកម្ពស់ ដែលជាគោលដៅគឺ ៧០០គីឡូម៉ែត្រដោយជោគជ័យ ប៉ុន្តែបានទទួលបរាជ័យ ក្នុងការបញ្ជូនផ្កាយរណបសាកល្បងមួយគ្រឿង ទៅកាន់គន្លងដែលបានកំណត់ ដោយសារម៉ាស៉ីនកំណាត់ទី៣របស់វា ឆេះអស់ថាមពលមុនការរំពឹងទុក។

កូរ៉េខាងត្បូងបានប្រកាសកាលពីខែកុម្ភៈកន្លងទៅថា ខ្លួននឹងព្យាយាមធ្វើតេស្តរ៉ុក្កែត Nuri ជាលើកទីពីរ នៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ។ បច្ចុប្បន្ន វាកំពុងស្ថិតក្រោមការដំឡើង នៅមជ្ឈមណ្ឌលអវកាស ណារ៉ូ (Naro Space Center) ជាទីដែលគ្រាប់រ៉ុក្កែតអវកាសនេះ នឹងត្រូវបាញ់បង្ហោះ នៅចន្លោះពេលរសៀល-ល្ងាច ថ្ងៃទី១៥ ខែមិថុនា។

គួរបញ្ជាក់ថា ដោយខុសពីការធ្វើតេស្តលើកទី១ ដែលនាំយកត្រឹមផ្កាយរណបសាកល្បង លើកនេះ រ៉ុក្កែត Nuri នឹងត្រូវផ្ទុក ផ្កាយរណបផ្ទៀងផ្ទាត់សមត្ថភាពទម្ងន់ ១៨០គីឡូក្រាមមួយគ្រឿង ព្រមទាំងផ្កាយរណបខ្នាតតូច៤គ្រឿងទៀត ដែលអភិវឌ្ឍឡើង ដោយសាកលវិទ្យាល័យចំនួន៤។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ មក កូរ៉េខាងត្បូងបានវិនិយោគថវិកាសរុបជិត ២ទ្រីលានវ៉ុន ឬស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក ទៅក្នុងការអភិវឌ្ឍគ្រាប់រ៉ុក្កែតអវកាស Nuri៕