(សេអ៊ូល)៖ កូរ៉េខាងត្បូងបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជុំវិញការបាញ់សាកល្បងមីស៉ីលរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ និងបាន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើងថាជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ»។ នេះបើតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា លោក យូន ស៊ុក យុល (Yoon Suk-yeol) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំខាងលើនេះ ហើយបានបញ្ជាឱ្យក្រុមមន្ត្រីចាត់វិធានការដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងសមត្ថភាពកំញើញសត្រូវជាមួយសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដាច់ដោយឡែកមួយ, ទីក្រុងសេអ៊ូលក៏បានបញ្ជាក់ផងដែរថា ខ្លួនមានចំណាត់ការឆ្លើយតប «យ៉ាងខ្លាំង និងមានប្រសិទ្ធភាព» ដែលត្រៀមរួចជាស្រេច ដើម្បីដោះស្រាយរាល់ការបង្កហេតុរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៉ីលផ្លោងចំនួន ៣គ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ធ្វើដំណើរចាកចេញពីតំបន់អាស៉ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន៕