(វ៉ាស៊ីនតោន)៖ សង្រ្គាមរបស់រុស្ស៉ីដែលលោក វ៉្លាឌីមៀ ពូទីន ហៅថាជា «ប្រតិបត្តិការយោធាពិសេស» និងដែលលោកខាងលិចចាត់ទុកថា ជា «ការឈ្លានពាន» បាន និងកំពុងបង្កការភ័យខ្លាចដល់ពិភពលោក ពី «សង្រ្គាមនុយក្លេអ៊ែរ» នៅក្នុងបរិបទដែលលោក ពូទីន បានបញ្ជាឱ្យ កងកម្លាំងនុយក្លេអ៊ែររបស់លោកស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ ត្រៀមប្រយុទ្ធគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ បុរសខ្លាំងរូបនេះ ថែមទាំងបានព្រមានទៀតផងថា ប្រទេសទីបីណាក៏ដោយ ឱ្យតែហ៊ានធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន នោះនឹងត្រូវប្រឈមមុខនឹង ផលវិបាកធ្ងន់ធ្ងរដែលពួកគេមិនធ្លាប់បានភ្លក្ស នៅក្នុងប្រវត្តិសាស្ត្រ។

ការព្រមានបែបនេះរបស់លោក ពូទីន ត្រូវបានកាសែតអាមេរិកនាំគ្នាចុះផ្សាយដោយដាក់ចំណងជើងធំៗពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ នៅលើក្របទំព័រមុខ។ ក៏ប៉ុន្តែ ប្រសិនបើសង្រ្គាមសព្វថ្ងៃ ផ្ទុះឡើងនៅលើកោះតៃវ៉ាន់វិញ ម្ល៉េះហានិភ័យសង្រ្គាមនុយក្លេអ៊ែរ នឹងមានសភាព អាក្រក់ជាងស្ថានភាពនៅក្នុងតំបន់អឺរ៉ុប នាពេលបច្ចុប្បន្នទៅទៀត។ ពីព្រោះថាសង្រ្គាមរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីកោះតៃវ៉ាន់ អាចនឹងរាលដាលទៅជាសង្រ្គាមនុយក្លេអ៊ែរ ក្នុងពេលដ៏ខ្លី។

ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយជារឿយៗតែងតែព្រមានថានឹងប្រើកម្លាំងយោធា បើមានកម្លាំង ខាងក្រៅ ឬជនទី៣ណាមួយព្យាយាមបំបែកតៃវ៉ាន់ចេញពីចិនដីគោក។ ចិន មិនដែលនិយាយចំឈ្មោះជនទី៣នេះទេ តែគេដឹងយ៉ាងច្បាស់ ថាប៉េកាំងចង់សំដៅទៅរកទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះ បើគណបក្សកុម្មុយនិស្ដចិនសម្រេចចិត្តថាត្រូវប្រើកម្លាំងយោធា នោះថា្នក់ដឹកនាំចិន មិនអាចទទួលយកជាដាច់ខាតនូវបរាជ័យ ដោយឱ្យតៃវ៉ាន់រួចខ្លួនដោយងាយៗនោះទេ។ បើតាមក្រុមអ្នកជំនាញភាគច្រើន ចិនចង់បង្រួបបង្រួមជាមួយតៃវ៉ាន់ ដោយបញ្ចៀសឱ្យបានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ឬនៅក្រោមលក្ខខណ្ឌណាមួយដែលខ្លួន អាចទទួលយកបាន។

ប៉ុន្តែ ខណៈចិនត្រូវបានគេជឿជាក់ថាមានជម្រើសជាច្រើនដើម្បីសម្រេចគោលដៅរបស់ខ្លួន, នៅក្នុងគំនិតថ្នាក់ដឹកនាំចិន ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នៅតែជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ក្នុងការរារាំងកុំឱ្យសហរដ្ឋអាមេរិក លូកដៃចូលជួយតៃវ៉ាន់។ ដ្បិតក្នុងពេលដែល អាមេរិកតែងតែព្រមានចិនពីផលវិបាក, សម្រាប់ចិនខ្លួនឯង អាវុធនុយក្លេអ៊ែរប្រៀបបានដូចជាសារមួយបញ្ជូនឱ្យវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត របស់អាមេរិក ដឹងថាផលវិបាកដែលពួកគេត្រូវប្រឈម មិនស័ក្តិសមឱ្យពួកគេលះបង់តម្លៃដើម្បីការពារតៃវ៉ាន់ឡើយ។

* សំលៀងកាំបិតរង់ចាំឱកាស
បើតាមអ្នកជំនាញភាគច្រើន, ចិនមិនចង់ប្រើកម្លាំងយោធាបង្រួមបង្រួមតៃវ៉ាន់នោះទេ ហើយក្នុងពេលបច្ចុប្បន្ន ក៏ប្រហែលជាមិនទាន់មាន សមត្ថភាពគ្រប់គ្រាន់ធ្វើបែបនេះបាននោះដែរ។ ចិនត្រូវការពេលជាច្រើនទសវត្សរ៍ទៅមុខទៀត ដើម្បីប្រែក្លាយកងទ័ពរំដោះប្រជាជនចិន (PLA) ឱ្យក្លាយទៅជាយោធាលំដាប់ពិភពលោក « World class military» អាចវាយបំបាក់ជនទី៣ ដែលលូកដៃចូលជួយតៃវ៉ាន់ តាមផែនការកំណត់របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលចង់សម្រេចគោលដៅនេះនៅឆ្នាំ២០៥០។

ចង់ក្លាយជាយោធាលំដៅពិភពលោក មិនមែនពឹងតែទៅលើអាវុធនុយក្លេអ៊ែរនោះទេ។ ម្លោះហើយទើប ចិនមានយុទ្ធសាស្ត្រសង្រ្គាមមួយ ហៅជាភាសាអង់គ្លេសថា «Anti-Access and Area Denial» ឬនិយាយជាសាមញ្ញថា «យុទ្ធសាស្ត្រទប់ស្កាត់មិនឱ្យចូលទឹកដី»។ យុទ្ធសាស្ត្រសង្រ្គាមនេះពឹងផ្អែកលើសមត្ថភាពយោធាមិនមែននុយក្លេអ៊ែរ ឬ conventional military Power ដែលចិនកំពុងអភិវឌ្ឍដើម្បី អាចបញ្ចេញ «ឫទ្ធានុភាព» ក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ពោលគឺសំដៅរារាំងកុំឱ្យកងទ័ពអាមេរិក បើកការវាយប្រហារទប់ស្កាត់ ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់។

បន្ថែមពីលើនេះ ការកើនឡើងនៃឃ្លាំងអាវុធនុយក្លេអ៊ែរក៏បានផ្ដល់ «ឫទ្ធានុភាព» បន្ថែមដល់ចិនផងដែរនូវអំណាចកំញើញសត្រូវ និងសមត្ថភាពធ្វើសង្រ្គាមថ្មីៗ។ កាលពីប៉ុន្មានទសវត្សរ៍មុន ចិនត្រូវបានគេរាយការណ៍ថាមានអាវុធនុយក្លេអ៊ែរបាញ់ចេញពីមូលដ្ឋានក្រោមដី តិចតួចប៉ុណ្ណោះ។ ប៉ុន្តែ កាលពីឆ្នាំ២០២១កន្លងទៅនេះ, ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាស្ដីពីការមិន រីកសាយអាវុធ និងសហព័ន្ធក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានបញ្ចេញរូបថតផ្កាយរណបជាច្រើនសន្លឹកដែលបង្ហាញថាចិនបានសាងសង់ មូលដ្ឋានមីស៊ីលក្រោមដី ចំនួន ៣កន្លែង នៅក្នុងតំបន់ស៊ីនជាំង។

ចំណែកឯ សារព័ត៌មាន Financial Times បានរាយការណ៍ថាចិនប្រហែលជាបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ប្រកបដោយ ជោគជ័យ ហើយដែលអាវុធប្រភេទនេះមានសមត្ថភាពទម្លុះប្រព័ន្ធខែលការពារមីស៊ីល និងថែមទាំងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ ដល់សហរដ្ឋអាមេរិកទៀតផង។ ដោយឡែក បើតាមរបាយការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក, នៅមុន ឬត្រឹមឆ្នាំ ២០៣០, ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរកើនដល់ ១,០០០គ្រាប់ អាចបំពាក់លើមីស៊ីល ហើយចំនួននេះច្រើនជាង ៣ដងនៃចំនួន ក្បាលគ្រាប់នុយក្លេអ៊ែរដែលចិនកំពុងកាន់កាប់សព្វថ្ងៃ។

តាមរយៈភាពរីកចម្រើនទៅមុខនៃការអភិវឌ្ឍសមត្ថភាពយោធានេះ, ថ្នាក់ដឹកនាំចិនអាចនឹងជឿជាក់ថាក្នុងរយៈពេល ៥ឆ្នាំ ទៅមុខ រាប់ចាប់ពី ឥលូវតទៅ, កងទ័ព PLA នឹងមានសមត្ថភាពគ្រប់គ្រាន់ទាំងខាងយោធាមិនមែននុយក្លេអ៊ែរ និងអាវុធនុយក្លេអ៊ែរ ដើម្បីអាចប្រយុទ្ធ និងយក ជ័យជម្នះនៅក្នុងសង្រ្គាមបង្រួបបង្រួមជាមួយតៃវ៉ាន់។

ក្រុមមន្ត្រីចិន និងអាមេរិកដែលមានតួនាទីក្នុងការសម្រេចចិត្តខាងសន្តិសុខជាតិ សុទ្ធតែជឿជាក់ថាសង្រ្គាមរវាងចិន និងអាមេរិក អាចនឹងផ្ទុះ ឡើងជាសង្រ្គាមទ្រង់ទ្រាយធំយ៉ាងឆាប់រហ័ស ក្នុងពេលដ៏ខ្លី ដោយប្រទេសទាំង២ អាចនឹងត្រូវបង្ខំចិត្តបើកការវាយប្រហារចូលទឹកដីគ្នា ទៅវិញទៅមក។ តួយ៉ាង នៅក្នុងការព្យាករពីសេណារីយ៉ូសង្រ្គាម, នៅដំបូងដៃ ចិនអាចនឹងបើកការវាយប្រហារដោយផ្តោតលើមូលដ្ឋានទ័ព អាមេរិក ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសគឺកោះហ្កាំ ពីព្រោះវាជាមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងតំបន់ អាស៊ី។

ម្យ៉ាងវិញទៀត ចិនយល់ថាមូលដ្ឋានយោធាទាំងនោះទៀតសោត គឺជាដែនដីនៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិក ពោលមិនមែនជារដ្ឋ របស់អាមេរិកដែលតម្រូវឱ្យធ្វើការវាយបកពេញទំហឹងនោះទេ។ តែការវាយប្រហារបែបនេះនឹងត្រូវបានចាត់ទុកជា «ការឆ្លងបន្ទាត់ក្រហម» ហើយច្បាស់ណាស់ អាមេរិកនឹងបើកការវាយប្រហារសងសឹកលើនាវាចម្បាំងចិន ឬមូលដ្ឋានយោធាចិន ដោយបញ្ចៀសការវាយប្រហារដោយ ផ្ទាល់លើទឹកដីចិនដូចគ្នា។ យ៉ាងណាក៏ដោយ ការសងសឹកដាក់គ្នាទៅវិញទៅមក នឹងជំរុញឱ្យអាមេរិកវាយប្រហារលើទឹកដីចិន រីឯចិននឹង សងសឹកអាមេរិក ដោយបើកការវាយប្រហារលើរដ្ឋហាវៃ។

នៅក្នុងការព្យាករពីសេណារីយ៉ូសង្រ្គាមខាងលើ រៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security) សហការជាមួយទូរទស្សន៍ NBC, វាបានផ្ដល់មេរៀនមួយដ៏សំខាន់ដល់សហរដ្ឋអាមេរិក នោះគឺចាំបាច់ត្រូវតែបង្កើនការពង្រឹង សមត្ថភាពយោធាមិនមែននុយក្លេអ៊ែរ បន្ថែមពីលើសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធានាឱ្យបានថាចិនមើលឃើញ ថាការប្រើកម្លាំងយោធាលើតៃវ៉ាន់ គឺជារឿងប្រថុយប្រថាននឹងបរាជ័យ។ ដើម្បីអាចធ្វើដូច្នេះបាន សហរដ្ឋអាមេរិកចាំបាច់ណាស់ត្រូវតែរក្សា ឱ្យបាននូវឧត្ដមភាពនៃសមត្ថភាពយោធាមិនមែននុយក្លេអ៊ែរ (conventional military) តាមរយៈការពង្រីកឃ្លាំងស្ដុកទុកមីស៊ីលរយៈចម្ងាយ ឆ្ងាយ និងវិនិយោគលើការអភិវឌ្ឍសមត្ថភាពនៅក្រោមបាតសមុទ្រ។

លើសពីនេះទៅទៀត, សហរដ្ឋអាមេរិកក៏គួរតែអភិវឌ្ឍ និងពង្រឹងសមត្ថភាពបើកប្រតិបត្តិការវាយលុក នៅក្នុងតំបន់យុទ្ធសាស្ត្រ « first និង second island chains» ផងដែរ បើទោះជាក្នុងករណីដែលខ្លួនកំពុងរងការវាយប្រហារក៏ដោយ ហើយនេះនឹងតម្រូវឱ្យមានមូលដ្ឋានទ័ព បន្ថែមដែលអាចឱ្យសហរដ្ឋអាមេរិកបែងចែកកងទ័ព, ពង្រឹងសមត្ថភាពតស៊ូប្រយុទ្ធ និងធានាថាពួកគេអាចការពារតៃវ៉ាន់យ៉ាងមានប្រសិទ្ធភាព នៅចំពោះមុខការវាយប្រហារពីចិន។

គួរបញ្ជាក់ថា ការពិតមួយដែលសហរដ្ឋអាមេរិក ត្រូវតែទទួលស្គាល់, នោះគឺថានៅក្នុងជម្លោះ ឬសង្រ្គាមដើម្បីកោះតៃវ៉ាន់ ចិននឹងប្រើប្រាស់ទាំង ជម្រើសមិនមែននុយក្លេអ៊ែរ និងនុយក្លេអ៊ែរ។ ដូច្នេះ ក្រៅតែពីរក្សាឧត្ដមភាពយោធារបស់ខ្លួនឯង សហរដ្ឋអាមេរិកត្រូវតែធ្វើសមាហរណកម្ម បណ្ដាញដៃគូ និងសម្ព័ន្ធមិត្តដែលមានបំណងចូលរួមចំណែកជួយការពារតៃវ៉ាន់ ព្រោះប្រព័ន្ធសម្ព័ន្ធមិត្តនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ សហរដ្ឋអាមេរិក ដូចដែលបានឃើញនៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈចិនមិនមានប្រព័ន្ធសម្ព័ន្ធមិត្តបែបនេះទេ។

ប៉ុន្តែ ខណៈចិនកាន់តែរីកចម្រើនទៅមុខ, សហរដ្ឋអាមេរិកក៏មានពេលកាន់តែតិចទៅៗដែរ ហើយបើនៅតែរង់ចាំមួយឆ្នាំ ឬពីរឆ្នាំទៅមុខ រាប់ចាប់ពីឥលូវតទៅ ដោយមិនធ្វើសកម្មភាពភ្លាមៗ ដើម្បីពង្រឹងយុទ្ធសាស្ត្រកំញើញ និងធ្វើឱ្យចិនយល់ថាការប្រើកម្លាំងយោធាលើតៃវ៉ាន់ គឺជារឿងប្រថុយប្រថាននឹងបរាជ័យទេ នោះអ្វីៗអាចនឹងហួសពេល៕

ប្រភព៖ Foreign Affairs (ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២)