(កៀវ)៖ តុលាការអ៊ុយក្រែនកាលពីថ្ងៃចន្ទ (២៣ ឧសភា) បានសម្រេចកាត់ទោសទាហានរុស្ស៊ីម្នាក់ ឱ្យជាប់គុកអស់មួយជីវិត ពីបទសម្លាប់ជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ នៅក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក Vadim Shishimarin មេបញ្ជាការរថក្រោះអាយុ ២១ឆ្នាំបានសារភាពពីពិរុទ្ធរបស់ខ្លួន ចំពោះឃាតកម្មលើលោក Oleksandr Shlypov វ័យ ៦២ឆ្នាំ នៅក្នុងភូមិ Chubakhivka ភាគឦសាន នៃប្រទេសអ៊ុយក្រែននៅថ្ងៃទី២៨ ខែកុម្ភៈ ៤ថ្ងៃបន្ទាប់ពីការលុកលុយ។

សវនាការដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន វាមានសារៈសំខាន់ជានិមិត្តរូបសម្រាប់អ៊ុយក្រែន ហើយមេធាវីអន្តរជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា វាអាចជាលើកទីមួយក្នុងចំណោមការកាត់ក្តីបែបនេះជាច្រើនករណីទៀត៕